ទីក្រុងឌូបៃ ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យ ជនជាតិ អង់គ្លេស លោក Samuel Leeds បានរងការរិះគន់ បន្ទាប់ពីលោកបានជួលយន្តហោះឯកជនតម្លៃ ២០០,០០០ ដុល្លារអាមេរិក ដើម្បីដឹកក្រុមគ្រួសារ របស់លោកពីទីក្រុងឌូបៃ ទៅកាន់ទីក្រុងឡុងដ៍ ទោះបីជាទទូចថា ទីក្រុងនេះនៅតែមានសុវត្ថិភាព ក្នុងចំណោមជម្លោះ ដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក៏ដោយ។
នេះបើយោងតាមកាសែត Daily Mail បាននិយាយថា បុរសអាយុ ៣៤ ឆ្នាំរូបនេះបានចែករម្លែកវីដេអូមួយកាលពីថ្ងៃពុធ បង្ហាញពីក្រុមគ្រួសាររបស់លោកនៅលើយន្តហោះ Gulfstream ។ ទោះបីជាការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកបានវាយប្រហារផ្នែកខ្លះនៃតំបន់ក៏ដោយ Leeds បាននិយាយថា ទីក្រុងឌូបៃមិនមានគ្រោះថ្នាក់ឡើយ។
អ្នកប្រើប្រាស់អ៊ីនធើណេតបានហៅការសម្រេចចិត្តរបស់លោកក្នុងការជួលយន្តហោះឯកជនថា ជារឿងមិនសមហេតុផល ខណៈភ្ញៀវទេសចររាប់ពាន់នាក់កំពុងតស៊ូដើម្បីត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជើងហោះហើរពាណិជ្ជកម្មត្រូវបានលុបចោល។
ការបង្ហោះមួយនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោក លោក Leeds បាននិយាយដោយត្រង់ៗថា ប្រសិនបើអ្នកជាប់គាំង គ្រាន់តែបើកបរ ៣ ម៉ោងទៅកាន់ប្រទេសអូម៉ង់ ហើយចំណាយប្រាក់ ១០០,000 ផោនដើម្បីជួលយន្តហោះត្រង់ទៅកាន់ទីក្រុងឡុងដ៍។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សមិនធ្វើបែបនោះទេ។
ការបង្ហោះរបស់លោក បានក្លាយជាគោលដៅ នៃការរិះគន់យ៉ាងឆាប់រហ័ស ដោយមនុស្សម្នាក់បានបញ្ចេញមតិថា ប្រសិនបើទីក្រុងឌូបៃពិតជាមានសុវត្ថិភាពមែន ហេតុអ្វីបានជាប្រញាប់ប្រញាល់ជិះយន្តហោះឯកជនទៅជាមួយប្រពន្ធ និងកូនៗរបស់អ្នក?” ក្រោយមក Leeds បាននិយាយថា ជើងហោះហើរជួលនេះ ត្រូវបានរៀបចំ សម្រាប់កិច្ចប្រជុំអាជីវកម្មមួយ បន្ទាប់ពីការធ្វើដំណើរ តាមផ្លូវអាកាសធម្មតាត្រូវបានរំខាន៕
