តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់ បានថា កងកម្លាំងរបស់ខ្លួនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត ដើម្បីវាយប្រហាររោងចក្រផលិតអាវុធ និងមជ្ឈមណ្ឌលទទួលទិន្នន័យស៊ើបការណ៍ សម្ងាត់ផ្កាយរណបមួយនៅក្នុងទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឧ្យដឹងថា មជ្ឈមណ្ឌលយោធាគោលដៅនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអាវុធ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះសមត្ថភាពប្រយុទ្ធរបស់អ៊ីស្រាអែល។
មជ្ឈមណ្ឌលទិន្នន័យផ្កាយរណបនេះ ខ្លួនអះអាងថា មានសារៈសំខាន់ណាស់ ក្នុងការប្រមូលទិន្នន័យយោធា និងចារកម្ម ហើយបានដើរតួនាទីសម្របសម្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការ ផ្កាយរណបឈ្លបយកការណ៍ របស់អ៊ីស្រាអែល។
ដោយឡែកពីគ្នា កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីលលើកទី៣៥ របស់ខ្លួននៅថ្ងៃអង្គារ ដោយវាយប្រហារគោលដៅនៅទីក្រុងតែលអាវីវ និងបេតសេមេស ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍ទីពីរ IRGC បានឧ្យដឹងថា ខ្លួនក៏បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Dhafra របស់សហរដ្ឋអាមេរិកនៅអារ៉ាប់រួម និងមូលដ្ឋានមួយនៅបារ៉ែន បន្ថែមពីលើមូលដ្ឋានយោធា អាកាសយានដ្ឋាន និងប្រព័ន្ធបាញ់មីស៊ីលលាក់ទុកនៅអ៊ីស្រាអែល។
នៅថ្ងៃអង្គារនេះផងដែរ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសការខូចខាតដល់វិមាន Chehel Sotoun និងទីតាំងផ្សេងទៀតនៅទីលាន Naqsh-e-Jahan នៃទីក្រុង Isfahan ដែលជាអគារដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ ដែលបណ្តាលមកពីការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ប៉ុន្មានថ្ងៃមុននេះ វិមាន Golestan ក្នុងទីក្រុងតេអេរ៉ង់ ដែលក៏ជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ត្រូវបានខូចខាតក្នុងការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា
