យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បានឧ្យដឹងថា ការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសគុយបាបានបង្កឱ្យមានវិបត្តិមនុស្សធម៌ ដោយប្រព័ន្ធសុខាភិបាលរបស់ប្រទេសកោះនេះកំពុងខិតជិតដល់ចំណុចសំខាន់មួយ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឧ្យដឹងថា “យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន ដែលបណ្តាលមកពីអសមត្ថភាពក្នុងការនាំចូលប្រេងឥន្ធនៈ ដែលនេះបានបង្កឱ្យមានវិបត្តិថាមពល”។
លោក Dujarric បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា ស្ថាប័នពិភពលោកកំពុងចូលរួមជាមួយរដ្ឋជាសមាជិក រួមទាំងសហរដ្ឋអាមេរិក ដូច្នេះជំនួយអាចត្រូវបានផ្តល់ជូនដោយគ្មានឧបសគ្គ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា មន្ទីរពេទ្យប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីជាញឹកញាប់ កង្វះខាតថ្នាំសំខាន់ៗ អសមត្ថភាពក្នុងការដំណើរការឧបករណ៍សំខាន់ៗ ក៏ដូចជាការរំខានយ៉ាងធ្ងន់ធ្ងរដល់ការថែទាំជំងឺមហារីក ការលាងឈាម សេវាសង្គ្រោះបន្ទាន់ ការថែទាំទារក និងម្តាយ ប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ក៏ដូចជាការថែទាំរ៉ាំរ៉ៃ និងមិនបន្ទាន់។
ការិយាល័យនេះបានឧ្យដឹងទៀតថា អ្នកជំងឺមហារីកប្រហែល ១៦០០០នាក់ត្រូវការការព្យាបាលដោយវិទ្យុសកម្ម និងជាង ១២០០០នាក់ដែលពឹងផ្អែកលើការព្យាបាលដោយគីមីមិនអាចទទួលបានការព្យាបាល ដែលត្រូវការដោយសារតែការដាច់ចរន្តអគ្គិសនី និងកង្វះខាតធនធាន។ រថយន្តសង្គ្រោះបន្ទាន់កំពុងជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ដែលធ្វើឲ្យមានការពន្យារពេលនៃការថែទាំបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា
