កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា Ador ដែលជាផលិតកម្មចម្រៀងនៅពីក្រោយក្រុម K-pop NewJeans កំពុងប្តឹងអតីតនាយកប្រតិបត្តិ លោកស្រី Min Hee-jin និងអតីតសមាជិកក្រុមតារាចម្រៀង NewJeans នាង Danielle Marsh ដើម្បីទាមទារសំណងចំនួន ៤៣ ពាន់លានវ៉ុន (ប្រហែល ៣០ លានដុល្លារ)។
នេះបើយោងតាម Chosun Biz ថា បណ្តឹងនេះ ដែលធ្វើឡើងបន្ទាប់ពីជម្លោះរយៈពេលមួយឆ្នាំ អះអាងថា ការប្រព្រឹត្តខុសបាននាំឲ្យនាង Danielle ចាកចេញពីក្រុម និងការប៉ុនប៉ងរបស់នាងក្នុងការបញ្ចប់កិច្ចសន្យារបស់នាង។ ការសវនាការលើកដំបូងសម្រាប់សំណុំរឿងនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ នៅតុលាការស្រុកកណ្តាលសេអ៊ូល ។
សកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងនាង Danielle ជាតារាចម្រៀងកើតនៅប្រទេសអូស្ត្រាលីអាយុ ២០ ឆ្នាំ បានកើតឡើងបន្ទាប់ពីតុលាការស្រុកសេអ៊ូលបានសម្រេចថា សមាជិកទាំង ៥ នាក់នៃក្រុម NewJeans ត្រូវតែគោរពកិច្ចសន្យារបស់ពួកគេជាមួយ Ador ដែលដំណើរការរហូតដល់ឆ្នាំ ២០២៩។
នេះបើយោងតាមកាសែត The Guardian ថា បន្ថែមពីលើនាង Danielle Ador ក៏កំពុងប្តឹងលោកស្រី Min Hee-jin ពីបទខូចខាត និងជាផ្នែកមួយនៃការពិន័យចំពោះការបំពានកិច្ចសន្យា ដោយចោទប្រកាន់អ្នកទាំង ២ថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កជម្លោះនេះ និងចំពោះការចាកចេញ និងការវិលត្រឡប់យឺតយ៉ាវរបស់ NewJeans៕
