ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងតាមអនឡាញថា ខេមរសហព័ន្ធកីឡាយូដូ បានកំណត់គោលដៅក្នុងពង្រីកសមាគម និងក្លិបកីឡាយូដូបន្ថែមទៀត បន្ទាប់ពីឆ្នាំ២០២៥ បានបង្កើតក្លិបកីឡាយូដូតាមសាលារៀនអន្តរជាតិចំនួន ២ នៅរាជធានីភ្នំពេញ លោករូប និងថ្នាក់ដឹកនាំខេមរសហព័ន្ធននឹងបន្តអភិឌ្ឍនវិស័យកីឡាយូដូឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។

លោកប្រធានបច្ចេកទេស និងគ្រូឧទ្ទេស បានបន្តថា សម្រាប់ឆ្នាំ២០២៦នេះ ខេមរសហព័ន្ធកីឡាយូដូកំពុងធ្វើការទំនាក់ទំនងជាមួយសាលារៀនអន្តរជាតិចំនួន ១ នៅរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី បានបង្កើតរួចហើយដោយមានកីឡាករ-កីឡាការិនីប្រហែល៤០ ទៅ ៥០ នាក់កំពុងធ្វើការហាត់ ទោះបីនៅទីនោះមានការខ្វះខាតសម្ភារហ្វឹកហាត់មួយចំនួនក៏ដោយ លោកនឹងទាក់ទងខាងជប៉ុនឲ្យជួយឧបត្ថម្ភ បន្ទាប់ពីអង្គការចៃកាបានផ្តល់គ្រូបង្វឹកមកជួយហ្វឹកហាត់កីឡាករ-កីឡាការិនីយូដូរួចហើយ។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស បញ្ជាក់ថា គោលដៅបន្ទាប់ គឺខេត្តបាត់ដំបង ដោយសារសព្វថ្ងៃនេះលោកមានកូនសិស្សម្នាក់មកពីខេត្តបាត់ដំបង ក្រោយពីបញ្ចប់ការហ្វឹកហាត់គាត់អាចបង្កើតក្លិបកីឡាយូដូនៅទីនោះបាន ។ ខេត្តបាត់ដំបូងមានអាណាព្យាបាលកំពុងជំរុញឲ្យកូនៗរបសពួកគាត់លេងកីឡាតាមចំណងចំណូលចិត្ត ស្របពេលវិស័យកីឡាគ្រប់ប្រភេទក្នុងខេត្តបាត់ដំបងមានការរីកចម្រើនខ្លាំង ក្រោមការជំរុញ និងអភិឌ្ឍនរបស់អភិបាលខេត្តបាត់ដំបង។

ផែនការបន្ទាប់របស់ខេមរសហព័ន្ធកីឡាយូដូ គឺវិទ្យាស្ថានអប់រំកាយ និងកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា លោកបានទាក់ទងជាមួយលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងអង្គការចៃកា ដើម្បីហ្វឹកហាត់ដល់គរុសិស្សវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ក្រោមគម្រោងរបស់អង្គការចៃកាលើប្រភេទកីឡាយូដូផងដែរ។ ប្រសិនបើទទួលបានសិទ្ធិហ្វឹកហាត់ដល់គរុសិស្សពិតមែន ប្រភេទកីឡាយូដូអាចបង្កើតតាមបណ្តាខេត្តទូទាំងប្រទេស ដោយសារគរុសិស្សដែលជាគ្រូកីឡាអាចបង្ហាត់តាមខេត្តរបស់ពួកគាត់បានតែម្តង៕



ដោយ៖លី ភីលីព
