ភ្នំពេញ ៖ លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡា បញ្ចស៊ីឡាត់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជើង ឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ជាឆ្នាំទី២ ដោយការរៀបចំរបស់មន្ត្រីបច្ចេកទេស និងគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ចូលរួមមានគុណភាពល្អប្រសើរជាងឆ្នាំមុន ទាំងសមត្ថភាព និងបច្ចេកទេសល្អ លើកពីការរំពឹងទុករបស់លោកប្រធាន និងសមាជិកប្រតិបត្តិទៅទៀត។

អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បន្ថែមថា ការប្រកួតនេះជាគោលដៅក្នុង ការត្រៀមខ្លួនចូលរួមប្រកួត អន្តរជាតិ គឺប្រភេទកីឡាបញ្ចស៊ីឡាត់កម្ពុជា ដូចជាប្រកួតកីឡាសាកលវិទ្យា ល័យអាស៊ាន លើកទី២២ ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ ។

លោក ឈាង សុវណ្ណរតនា សង្កត់ធ្ងន់ថា ជាគោលដៅរបស់សហព័ន្ធ ជាពិសេសលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាត្រៀមបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ដើមនៃក្បាច់គុនមួយនេះ ឬស្នើសុំគ្រូបង្វឹកឥណ្ឌូណេស៊ីម កជួយបង្វឹក ដល់ក្រុមជម្រើសជាតិកម្ពុជាបន្ថែម ត្រៀមដណ្តើមមេដាយជូនជាតិ ។

សហព័ន្ធកីឡាកញ្ចស៊ីឡាត់ សម្រេចបានលទ្ធផលជាច្រើន ជូនជាតិមាតុភូមិដូចជាលទ្ធផល កាលការប្រកួតស៊ីហ្គេម២០២៣ និងប្រកួត កម្រិតអន្តរជាតិ និងកម្រិតពិភពលោកនានា ហើយយើងក៏ទទួលបានលទ្ធផលជាផ្លែផ្កាបន្តបន្ទាប់ ចុងក្រោយនេះ យើងទទួលបានមេដាយកម្រិត អាស៊ី និងបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍ នៅប្រទេស ព្រុយណេ ដែលបេសកកម្មទាំងពីនេះ ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ហើយយើងនឹងសម្រួចបន្ថែម សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ នានានៅក្នុងឆ្នាំ២០២៦នេះផងដែរ ។

លោក Krishnajie Partadireja ភារធារី នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជាផ្តល់ កិត្តិយសអញ្ជើញ ចូលរួមបានបង្ហាញការភ្ញាក់ផ្អើល ចំពោះការរៀបចំប្រកួតជើងឯក ថ្នាក់ជាតិរបស់កម្ពុជា ឆ្នាំ២០២៦នេះ ។ ជាមួយគ្នានេះ លោកចាត់ទុកថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កកម្ពុជា ទើបបង្កើតបានរយៈពេល២ឆ្នាំ ប៉ុន្តែលោកបានបង្ហាញ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំ របស់សហព័ន្ធ ក៏ដូចជាគុណភាពបច្ចេកទេសខ្ពស់របស់កីឡាករ កីឡារិនីកម្ពុជា។

លោក ប្តេជ្ញាគាំទ្រដល់កម្ពុជា ក្នុងកិច្ចសហការជាមួយកម្ពុជាលើប្រភេទកីឡាប្រពៃណីមួយនេះរបស់ឥណ្ឌូណេស៊ី ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ នៅឥណ្ឌូណេស៊ី ឬបញ្ជូនគ្រូបង្វឹកពីឥណ្ឌូណេស៊ី មកជួយបង្ហាត់ ដល់អត្តពលិកកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា វិស័យកីឡាបញ្ចស៊ីឡាត់កម្ពុជានឹងបន្តរីកចម្រើនបន្ថែមទៀត៕


