ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Chow Tai Fook Jewelry Group របស់ហុងកុងបង្ហាញស្រោម AirPods មាសតម្លៃ ១១០,០០០ ដុល្លារសម្រាប់អ្នកមានបំផុតនៅចិន

ចិន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា  ក្រុមហ៊ុន Chow Tai Fook Jewelry Group មានមូលដ្ឋាននៅហុងកុង បានណែនាំខ្សែផលិតផលថ្មី ធ្វើអំពីមាសនៅប្រទេសចិនដីគោក ត្រូវបានគូសបញ្ជាក់ដោយស្រោម AirPods មាសតុបតែងដោយពេជ្រដែលមានតម្លៃ ១១០,០០០ ដុល្លារអាមេរិក ។

នេះបើយោងតាម South China Morning Post បាននិយាយថា ជាងគ្រឿងអលង្ការរូបនេះបានបង្ហាញរបស់របរទាំងនោះនៅលើគណនី Weibo ផ្លូវការរបស់នាងកាលពីសប្តាហ៍មុន។ ក្នុងចំណោមរបស់ទាំងនោះមានក្លីបសក់ដែលបង្កប់ដោយមាសមានតម្លៃ ២,០៨០យន់ក្នុងមួយៗ មានមាស ០.៤២ ក្រាម ។ ស្រោម AirPods ផលិតពីមាសប្រហែល ៣៥០ ក្រាម ត្រូវបានផលិតជាដុំតែមួយ ហើយត្រូវបានលក់នៅខែកុម្ភៈ ក្នុងហាងរបស់ក្រុមហ៊ុនមួយ ទីក្រុងសៀងហៃ។

ក្រុមហ៊ុន Chow Tai Fook បាននិយាយថា ខ្លួនក៏ទទួលយកការបញ្ជាទិញ តាមតម្រូវការសម្រាប់ផលិតផលនេះ ដោយតម្លៃត្រូវបានភ្ជាប់ទៅនឹង អត្រាមាសបច្ចុប្បន្ន ។ ការផលិតជាធម្មតាចំណាយពេល ២ ទៅ ៣ ខែ។

ខណៈអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយចំនួនបានសរសើរការរចនានេះ ដោយប្រៀបធៀបវាទៅនឹងស្នាដៃសិល្បៈមួយ ការពិភាក្សាតាមអ៊ីនធើណេត ភាគច្រើនផ្តោតលើតម្លៃដ៏ខ្ពស់នេះ។  អ្នកប្រើប្រាស់ម្នាក់បានសរសេរថា “ភាពក្រីក្រពិតជាកំណត់ការស្រមើលស្រមៃរបស់ខ្ញុំ”។

សម្រាប់ជាងគ្រឿង អលង្ការ ការប្រមូលផ្ដុំនេះឆ្លុះបញ្ចាំង​ពីកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រ​​ ដើម្បីទាញយកអត្ថប្រយោជន៍ ពីផ្នែកអ្នកប្រើប្រាស់ មានទ្រព្យសម្បត្តិសុទ្ធខ្ពស់ ដែលកំពុងកើនឡើងរបស់ប្រទេសចិន ទោះបីជាប្រទេសនេះកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៤.៥-៥ភាគរយ នៅឆ្នាំនេះ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ ១៩៩១ក៏ដោយ៕

Most Popular

To Top