ភ្នំពេញ៖លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦បាន បោះជំហានថ្មីមួយទៀត ក្នុងការបង្ហាញវឌ្ឍនភាព ពីការពិន្ទុដោយដៃ កន្លងមកទៅជាការដាក់ពិន្ទុ តាមប្រព័ន្ធទំនើបតាមប្រព័ន្ធឌីជីថល ។

លោក អ៊ួ តារា បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើង នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦នេះ មិនមានអ្វីខុសប្លែកគ្នាច្រើនជាងឆ្នាំមុនប៉ុន្មានទេ ប៉ុន្តែមានវឌ្ឍនភាពក្នុងការ អភិវឌ្ឍប្រភេទកីឡាប្រពៃណីខ្មែរ យើងឱ្យទៅជាប្រភេទកីឡាទំនើបមួយ ។

ក្រុមការងារបច្ចេកទេសសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានរៀបចំប្រព័ន្ធដាក់ពិន្ទុតាមទម្រង់ទំនើបដោយខ្លួនឯង ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការដាក់ពិន្ទុ ដោយកីឡាករ-កីឡាការិនីអាចមើលឃើញខ្លួនឯងនៅលើស្គ្រីនទូរទស្សន៍។ ជាទូទៅគេឃើញនៅក្នុងការប្រកួតកីឡាទំនើប ដូចជាប្រភេទកីឡាអូឡាំពិកសម័យទំនើប មានប្រព័ន្ធដាក់ពិន្ទុ ហើយពេលនេះ ប្រភេទកីឡាប្រពៃណីខ្មែរ គុនល្បុក្កតោ យើងក៏ត្រូវបានអភិវឌ្ឍ នូវការរៀបចំបច្ចេកទេស បែបទំនើបដូចគេដែរ។

លោកបន្ថែមថា ជុំវិញការរៀបចំប្រព័ន្ធទំនើប Score board នេះ ដំបូងមានការលំបាក ជាពិសេសគ្រូៗ កាលណាមានគុនល្បុ្កកតោ គឺពួកគាត់គិតតែទៅលើអ្វី ដែលមានលក្ខណៈបុរាណ ដូច្នេះគឺមានការលំបាក ក្នុងការធ្វើទំនើបកម្មនូវក្បាច់គុនប្រពៃណីខ្មែរ។ ទោះយ៉ាងណាក្តី ក្រោមការគាំទ្រកញ្ចប់ថវិកាប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា គឺនៅក្នុងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាបន្តបន្ទាប់ ដោយសហព័ន្ធបានបញ្ជ្រាបជំនាញថ្មីៗ នូវប្រព័ន្ធបច្ចេកទេស ដែលធ្លាប់ធ្វើដោយដៃ ទៅជាប្រព័ន្ធដាក់ពិន្ទុ តាមប្រព័ន្ធឌីជីថល»។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះ ត្រូវដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤ នាក់ មកពី២ ៦ សាលាគុននៃ៩រាជធានី-ខេត្ត៕




