សិង្ហបុរី៖ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងទីភ្នាក់ងារជំងឺឆ្លង (CDA) បាននិយាយថា ប្រទេសសិង្ហបុរី បានប្រមូលផលិតផលទឹកដោះគោម្សៅ Nestle NAN HA2 និងទឹកដោះគោម្សៅជាច្រើនប្រភេទទៀត ដោយសារតែមានវត្តមានជាតិពុល cereulide បន្ទាប់ពីធ្វើឲ្យកុមារា ផឹកបណ្តាលឲ្យចង្អោរ និងក្អួត ។
យោងតាមសេចក្តីថ្លែងការណ៍រួម របស់ទីភ្នាក់ងារទាំងពីរនៅថ្ងៃទី១៥ ខែមីនាថា ជាតិពុលដែលអាចបណ្តាលឲ្យចង្អោរ និងក្អួត ត្រូវបានរកឃើញក្នុងម្សៅទឹកដោះគោ ម្សៅ Nestle NAN HA2 និងម្សៅទឹកដោះគោម្សៅ Nature One Dairy Premium Toddler Milk Formula មួយបាច់ ដែលមានបំណងសម្រាប់កុមារអាយុលើសពីមួយឆ្នាំ។
ផលិតផលដែលរងផលប៉ះពាល់រួមមាន Nestle NAN HA2 (800ក្រាម) ពីលេខបាច់ 52750017C1 ផលិតនៅប្រទេសស្វីស និងម្សៅទឹកដោះគោម្សៅ Nature One Dairy Organic Toddler Milk Formula – Stage 3 (900ក្រាម) ពីលេខបាច់ 326251110 ផលិតនៅប្រទេសអូស្ត្រាលី។ ផលិតផល Nestle ផុតកំណត់នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៧ ខណៈផលិតផលនៅក្នុងបាច់ Nature One Dairy មានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ១០ ឬ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៧។
ចាប់តាំងពីថ្ងៃទី ៨ ខែមករា មក ផលិតផលទឹកដោះគោរូបមន្តសរុបចំនួន ១១ ប្រភេទរួមមានផលិតផល Nestle NAN, Nature One Dairy និង Dumex Dulac ត្រូវបានប្រមូលមកវិញដោយសារតែវត្តមាននៃជាតិពុល។
SFA និង CDA បានបន្ថែមថា មិនមានករណីថ្មីនៃបុគ្គលមានរោគសញ្ញាស្រាលដែលទំនងជាទាក់ទងនឹងការប៉ះពាល់នឹងសារធាតុ cereulide បន្ទាប់ពីទទួលទានផលិតផលរងផលប៉ះពាល់នោះទេ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ពួកគេលើករណីបែបនេះនៅថ្ងៃទី ៣០ ខែមករា។ ពួកគេបានរាយការណ៍ពីករណីចំនួន៣នៅពេលនោះ ដោយទាំង៣នាក់បានជាសះស្បើយ៕
