កីឡា

ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ជាយុទ្ធការការផ្សព្វផ្សាយ និងការអភិវឌ្ឍ ប្រភេទកីឡា អត្តសញ្ញាណជាតិ

ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោកបណ្ឌិត អ៊ុក ឌីវ៉ង អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតី ក្នុងពីធីបិទការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ជាផ្លូវការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវបានអ្នកជំនាញកីឡា ជាន់បានខ្ពស់ចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកម្រិត បច្ចេកទេសខ្ពស់បំផុត របស់ថ្នាក់ជាតិមួយនេះ ជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍគុនល្បុក្កតោ ដែលជាប្រភេទកីឡា អត្តសញ្ញាណជាតិមានឈ្មោះ បោះសំឡេងល្បីល្បាញ ជាពិសេសគុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។

ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យ នាពេលនេះបានធ្វើឡើងក្រោមការ រៀបចំរបស់សហព័ន្ធ និងទទួលបានថវិកាគាំទ្រពន្លឿនផែនការ អភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ លោក បានជំរុញឱ្យសាលាគុនទាំងអស់ នៅតាមរាជធានីខេត្តបន្តពង្រឹង កិច្ចខិតខំប្រឹងប្រែងកៀរគរ ការចូលរួមហ្វឹកហាត់ របស់សិស្សគុន នៃប្រភេទកីឡាអត្តសញ្ញាញជាតិខ្មែរមួយនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោក វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមថា យើងបានបញ្ជូលប្រភេទកីឡាគុនល្បុក្កតោ ក្នុងកម្មវិធីសិក្សារួច ហើយរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវតែបន្តដុសខាត់ ជំនាញបច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដោយការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីនេះត្រូវធ្វើឡើងឱ្យមានបទ បញ្ជាបច្ចេកទេសរួមគ្នា តែមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ ទើបប្រភេទកីឡាព្រលឹង វប្បធម៌ខ្មែរមួយនេះ អាចបន្តពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេសបាន។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា បានលើកបង្ហាញលទ្ធផល របស់គណៈកម្មការ បច្ចេទេសថា ចំណាត់ថ្នាក់មេដាយជ័យលាភី ក្នុងចំណោម២៧សាលាគុន ដែលមានវិញ្ញាសាសរុបចំនួន១៣ រួមមាន៖ សាលាគុន មជ្ឈមណ្ឌលក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ មេដាយសរុប៨គ្រឿង (មាស៦ ប្រាក់១ សំរឹទ្ធ១) សាលាគុនខេមរារាជបូរណ៍ លេខ២ មេដាយសរុប ៥គ្រឿង (មាស២ ប្រាក់៣) សាលាគុនអមរៈឫទ្ធិ លេខ៣ មេដាយ៣គ្រឿង (មាស១ ប្រាក់១ សំរឹទ្ធ១ ខណៈចំណាត់ថ្នាក់លេខ៤ដល់លេខ៧ សាលាគុន តារាជក្រសួងមហាផ្ទៃ អង្គរមរតកខ្មែរ កងពលតូចថ្មើរជើងលេខ៥៣ និងសាលាគុន ទ័ពជ័យ ទទួលបានមេដាយមេដាយ មាស១គ្រឿងដូចៗគ្នា។ ក្រៅពីនេះមានសាលាគុនមួយចំនួនទៀតដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ខណៈ៦សាលាគុនផ្សេងទៀតមិនទទួលបានមេដាយសោះ៕

Most Popular

To Top