ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយដ្ឋានកីឡា ព្រមជាមួយលោក វ៉ា វណ្ណៈ អគ្គនាយករង បានទទួលជួបសំណេះសំណាលជាមួយលោក Christian-Petru Ciochirca នាយកប្រតិបត្តិក្រុមហ៊ុន M8 M8ximize ពិគ្រោះយោបល់ និង គ្រប់គ្រងការអភិវឌ្ឍកីឡា ជាសមាជិកប្រតិភូសភា ពាណិជ្ជកម្មប្រទេសអូទ្រីស ដែលបំពេញទស្សនាកិច្ចសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យកីឡានៅកម្ពុជា នៅសាលប្រជុំចៅពញ្ញាហុក។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងជំនួបនេះថា កម្ពុជាកំពុងតែអភិឌ្ឍអប់រំ កាយ និងកីឡាក្នុងម៉ោងសិក្សា និងសកម្មភាពកីឡាក្រៅម៉ោង សិក្សាតាមដែលផ្សាភ្ជាប់ទៅនឹងការអភិឌ្ឍន៍ កម្រិតជំនាញកីឡាដល់សិស្សានុសិស្សរហូតឈាន ដល់ចាប់យកជំនាញកីឡាកម្រិតខ្ពស់នាពេលអនាគត។លោកបានបញ្ជាក់ពីទិញដៅការអភិវឌ្ឍកីឡាក្នុងប្រទេសកម្ពុជា ជាពិសេសទិញដៅនៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាទៅជាឧត្តមសិក្សានាពេលអនាគត និងរៀបចំមហាវិទ្យាល័យវិទ្យាសាស្រ្តកីឡា និងការគ្រប់គ្រប់កីឡាផងដែរ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបន្តថា តាងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរូបលោកផ្ទាលសូមថ្លែងអំណរគុណដល់លោក Christian-Petru Ciochirca នាយកប្រតិបត្តិក្រុមហ៊ុន M8 M8ximize ពិគ្រោះយោបល់ និងគ្រប់គ្រងការអភិវឌ្ឍកីឡា ជាសមាជិកប្រតិភូសភាពាណិជ្ជកម្ម ប្រទេសអូទ្រីស ដែលបានមកទស្សនាកិច្ចស្វែងរកឱកាសវិនិយោគលើវិស័យកីឡានៅប្រទេសកម្ពុជា៕
ដោយ៖លី ភីលីព



