ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការស្រុក Pathum Wan ទីក្រុងបាងកក បានកាត់ទោសកីឡាការិនីអេឡិចត្រូនិកថៃ Naphat “Tokyogurl” Warasin និងលោក Cheerio ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទបន្លំក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ ប៉ុន្តែក្រោយមកបានកាត់បន្ថយទោសមកត្រឹម ៣ ខែវិញ។
នេះបើយោងតាម Siam Sport បាននិយាយថា ការកាត់ទោសត្រូវបានកាត់បន្ថយនេះ បានកើតឡើងបន្ទាប់ពីជនជាប់ចោទទាំងពីរនាក់បានសារភាពជាផ្លូវការចំពោះការចោទប្រកាន់។
យោងតាមការចោទប្រកាន់ជាផ្លូវការ ឲ្យដឹងថា អ្នកទាំង ២ នាក់ត្រូវបានចោទប្រកាន់ពីបទចូលប្រើប្រាស់ទិន្នន័យកុំព្យូទ័រដោយខុសច្បាប់ និងរំលងវិធានការសុវត្ថិភាពប្រព័ន្ធ ដែលរំលោភលើច្បាប់សន្តិសុខតាមអ៊ីនធើណេតក្នុងប្រទេសថៃយ៉ាងតឹងរ៉ឹង។ បទល្មើសនេះបានកើតចេញពីគម្រោងមួយត្រូវគេស្គាល់ក្នុងសហគមន៍ហ្គេមថា ជា “Ghosting” អ្នកលេងម្នាក់ប្រកួតប្រជែងដោយសម្ងាត់ក្នុងនាមអ្នកលេងម្នាក់ទៀតក្នុងអំឡុងពេលការប្រកួតអេឡិចត្រូនិកផ្លូវការ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Arena of Valor (RoV) នារីរវាងប្រទេសថៃ និងវៀតណាម។ អ្នករៀបចំការប្រកួត និងអាជ្ញាកណ្តាលបានរកឃើញសញ្ញាមិនធម្មតាក្នុងអំឡុងពេលប្រកួត។
ការស៊ើបអង្កេតបានបង្ហាញថា Tokyogurl មានឈ្មោះពិតថា Naphat Warasin បានផ្តល់ព័ត៌មានសម្ងាត់គណនីប្រកួតប្រជែងផ្លូវការរបស់នាងទៅឲ្យអ្នកលេងហ្គេមល្បីឈ្មោះ Cheerio ដើម្បីឲ្យគាត់អាចចូលពីខាងក្រៅ។ Warasin ក៏បានប្រើកម្មវិធី Discord នៅលើឧបករណ៍លាក់មួយ ដើម្បីចែករម្លែកអេក្រង់របស់នាង និងឲ្យ Cheerio លេងការប្រកួតជំនួសនាង។
ហេតុការណ៍នេះបានបណ្តាលឲ្យក្រុម RoV នារីថៃត្រូវបានដកសិទ្ធិភ្លាមៗ។ ក្រោយមក សហព័ន្ធកីឡាអេឡិចត្រូនិកថៃបានដកក្រុមកីឡាអេឡិចត្រូនិកជាតិចេញពីព្រឹត្តិការណ៍នេះ។ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យ ២ នាក់នៅខេត្ត Nonthaburi និង Nakhon Phanom។ អាជ្ញាធរបានរឹបអូសភស្តុតាងពីលំនៅដ្ឋានរបស់ពួកគេ រួមទាំងអាសយដ្ឋាន IP ឧបករណ៍ចូល និងកំណត់ហេតុជជែកដែលរៀបរាប់លម្អិតអំពីផែនការបន្លំ៕
