ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែមីនា នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមពី សំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងតំណាងសហព័ន្ធ កីឡាជាតិចំនួន ៤០ បូកមួយទៀតនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាជាតិត្រូវជំរុញ និងពង្រឹកសមត្ថភាពក្រុម កីឡាករ-កីឡាការិនីវ័យក្មេងឲ្យខ្លាំងក្លាដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨គ្រោងនឹងប្រព្រឹត្តទៅចាប់ពីខែឧសភា ឆ្នាំ២០២៨ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានឯកភាព និងយល់ព្រមអនុញ្ញាតជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតនេះ ។

លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រមូលផ្ដុំហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២៦ចំនួន ៤១ ប្រភេទកីឡា ក្នុងនោះ ៤ ប្រភេទហ្វឹកហាត់រយៈពេល២ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា ត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន និងការ ប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា៕






