ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិ អង្គភាពកីឡាក្រសួង-សា្ថប័ន ទីប្រឹក្សា ភ្ញៀវកិត្តិយស វិស័យឯកជន។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គ្រួសារអូឡាំពិក ជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យកីឡាជាតិ និងកិត្យានុភាពជាតិលេចត្រដែតលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ដែលទទួលបានជោគជ័យ ដ៏ត្រចេះត្រចង់ និងអស្ចារ្យមិនធ្លាប់មាន ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត វិស័យកីឡាកម្ពុជា ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ ទើបតែសម័យកាលតេជោសែន អាចសម្រេចបានតាមពាក្យស្លោក “កីឡា រស់ក្នុងសន្តិភាព”។
ចំពោះការលើកកម្ពស់សុខុមាលភាព សិស្ស និស្សិត មហាជន ក្រសួងបានរៀបចំកំណែទម្រង់ ដោយពង្រឹងគុណភាព វិស័យអប់រំកាយនិងកីឡាក្នុងគ្រឹះស្ថានសិក្សា ពិសេសក្នុង ការវាយតម្លៃស្ដង់ដា សាលាគំរូ ក៏មានសមាសធាតុ នៃការវាយតម្លៃ លើការអនុវត្តកម្មវិធីអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា ដើម្បីជំរុញប្រសិទ្ធភាព កម្មវិធីអប់រំកាយនិងកីឡា។ រីឯយុទ្ធនាការជំរុញចលនា “យុវជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត” គឺជាគោលនយោបាយមួយនៃគោលនយោបាយជាតិ និងត្រូវបានជំរុញតាមគ្រប់មជ្ឈដ្ឋានក្នុងសង្គមផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដើម្បីបន្តអភិវឌ្ឍវិស័យកីឡានៅកម្ពុជារួមមានសូមអង្គមហាសន្និបាតទាំងមូល និងភាគីពាក់ព័ន្ធកីឡាទាំងអស់ បន្តជឿជាក់ និងផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តរួមគ្នាក្នុងការគោរព និងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយកីឡាជាតិ គោលការណ៍គន្លឹះនានាក្នុងការធ្វើកំណែទម្រង់លើវិស័យកីឡាជាប្រចាំ។

សូមពង្រឹងស្មារតី សាមគី្គភាព និងធ្វើសុខដុមនីយកម្មការងារកីឡាជាតិ ទើបមិនរាំងស្ទះដល់ការអភិវឌ្ឍកីឡាជាតិ។ ត្រូវគោរពតួនាទី ភារកិច្ចរៀងៗខ្លួន និងពិភាក្សាពិគ្រោះយោបល់គ្នាជាប្រចាំក្នុងពេលធ្វើការកីឡាជាមួយគ្នា ជៀសវាងបង្កទំនាស់វិវាទគ្នាដោយហេតុផលផ្សេងៗ ពិសេសទំនាស់ផលប្រយោជន៍ក្នុងកីឡា ត្រូវចៀសវាងដាច់ខាត។ សូមពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំអង្គការកីឡារបស់ខ្លួន តាមរយៈការគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចល្អ គឺតម្លាភាព គណនេយ្យភាព សុចរិតភាព សក្តិសិទ្ធិភាព និងមានភាពជាអ្នកដឹកនាំទៅលើវិស័យកីឡា។ សូមពង្រឹង និងពង្រីកចំណេះដឹង ឯកទេសកីឡា ដោយធ្វើទំនើបកម្មតាមនិន្នាការរីកចម្រើនរបស់វិទ្យាសាស្រ្តកីឡាជាប្រចាំ ពិសេសអភិវឌ្ឍមូលធនមនុស្សជំនាញឯកទេសកីឡា ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការថែទាំ ឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី ដែលមានគុណផលកម្រិត ខ្ពស់ឱ្យបានទៀងទាត់។
លើកកម្ពស់កីឡាស្អាតស្អំ តាមរយៈការសិក្សា ស្រាវជ្រាវ និងការត្រៀមអនុវត្តក្រម របស់ទីភ្នាក់ងារប្រឆាំង សារធាតុញៀនពិភពលោក (WADA) ឆ្នាំ២០២៧ ដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។
លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត “AI” ក្នុងការជួយដល់ការគ្រប់គ្រងកីឡា និងការអភិវឌ្ឍបច្ចេកទេសកីឡា ។

ជាថ្មីម្ដងទៀត ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះសមិទ្ធផលអាណត្តិចាស់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសូមគាំទ្រដល់ការរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី ប្រចាំឆ្នាំ២០២៦-២០៣០ តាមនីតិវិធី និងអនុលោមភាពតាមធម្មនុញ្ញអូឡាំពិក និងលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមលើកិច្ចសហការជិតស្និតរបស់អង្គការកីឡាជាតិទាំងអស់ ដើម្បីអភិវឌ្ឍវិស័យកីឡាជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន៕





