កីឡា

លោក វ៉ាត់ ចំរើន ដឹកនាំកិច្ចប្រជុំជាមួយ គណៈកម្មការ ចំពោះកិច្ចត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាថ្នាក់ជាតិធំៗ ឆ្នាំ២០២៦

ភ្នំពេញ ៖ នាថ្ងៃទី២០ ខែមីនា នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំ ជាមួយគណៈកម្មការ ចំពោះកិច្ចនៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការ ប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់បាល់ទះ បាល់បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងកីឡាចំបាប់ ។

លោកប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍បានបន្តថា ការប្រកួតកីឡាសិស្សបឋម ថ្នាក់ជាតិ ឆ្នាំ២០២៦ នេះឡើង ក្នុងគោលបំណងបំផុស សកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត និងជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រ សើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នាក្នុងសង្គម។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា នាពេលថ្ងៃអគ្គនាយកដ្ឋានកីឡា បានរៀបចំប្រជុំ ការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាក្នុងការប្រកួតជាផ្លូវការ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោករដ្ឋលេខាធិការបានលើកឡើងពិធីបើក និងពិធីបិទ ព្រមទាំងការផ្សព្វផ្សាយពីការប្រកួតឲ្យមហាជនបានដឹងកាន់តែច្បាស់ និងការសម្តែងរបស់សិស្សានុសិស្សផ្តោតទៅលើការអប់រំកាយ និងកីឡាម៉ោងសិក្សា និងក្រៅម៉ោងសិក្សាដែលជាកម្មវិធីកំណែទម្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក អគ្គនាយកដ្ឋានកីឡា បានបន្តថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ និងការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ថែមទៀត ប៉ុន្តែការរៀបចំព្រឹត្តិការណ៍ទាំង ៣នេះ អ្វីដែលសំខាន់ នាពេលនេះផ្តោតលើការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ។ អ្វីដែលសំខាន់ជាងគេងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ត្រូវរៀបចំឲ្យតាមអនុលោម អន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានឯកភាព និងយល់ព្រមអនុញ្ញាត ជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតនេះ។

Most Popular

To Top