អ៊ីរ៉ង់ ៖ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មានបំណងចូលរួមការប្រកួត FIFA World Cup រដូវក្តៅនេះ ប៉ុន្តែលុះត្រាតែការប្រកួត របស់ក្រុមត្រូវបានផ្លាស់ប្តូរ ពីអាមេរិកទៅម៉ិកស៊ិក បានការប្រកាសនេះកើតឡើងនៅពេលអាមេរិក និងអ៊ីស្រាអែលបន្តយុទ្ធនាការយោធារបស់ពួកគេប្រឆាំង នឹងអ៊ីរ៉ង់ ដែលឥឡូវនេះស្ថិត ក្នុងសប្តាហ៍ទី៤ របស់ខ្លួន ។
ព្រឹត្តិការណ៍ World Cup 2026 ត្រូវបានកំណត់ឲ្យធ្វើឡើងនៅទូទាំងអាមេរិក កាណាដា និងម៉ិកស៊ិក។ អ៊ីរ៉ង់ត្រូវបានគ្រោងនឹងលេងជាមួយនូវែលសេឡង់ និងបែលហ្ស៊ិកនៅ Los Angeles នៅថ្ងៃទី ១៥ និង ២១ ខែមិថុនា បន្ទាប់មកគឺអេហ្ស៊ីបនៅ Seattle នៅថ្ងៃទី ២៦ ខែមិថុនា។
ទោះជាយ៉ាងណាក៏ដោយ លោក Mehdi Taj ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ បាននិយាយក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងមិនលេងនៅអាមេរិកឡើយ។ យើងនឹងធ្វើពហិការអាមេរិក ប៉ុន្តែមិនមែន World Cup ទេ ដោយបន្ថែមថា សហព័ន្ធបានបើកការពិភាក្សាជាមួយ FIFA អំពីការផ្លាស់ប្តូរការប្រកួតទៅកាន់ម៉ិកស៊ិក។
ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានសម្តែងការបើកចំហចំពោះការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរបស់អ៊ីរ៉ង់ ដោយបានបញ្ជាក់នៅសប្តាហ៍នេះថា ម៉ិកស៊ិករក្សាទំនាក់ទំនងការទូតជាមួយគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដូច្នេះយើងនឹងរង់ចាំមើលថាតើ FIFA សម្រេចចិត្តយ៉ាងណា៕
