កីឡា

លោក សែម សុខា កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុគណៈកម្មាធិការ រាជធានី ខេត្ត បានរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យា អូឡាំពិកកម្ពុជា និងជាតំណាងលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ឯម ហៀង តំណាង NOCC បានអញ្ជើញជាអធិបតីភាពដឹកនាំមហាសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” ។

លោក សែម សុខា បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី បានរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលជានិច្ចកាល គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការ ភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាព សង្គមតាមរយៈវិស័យកីឡា និង ដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។

ជាមួយគ្នានេះ យើងបានសហការ ជាមួយអង្គការ សមាគមនានា បានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកជារៀងរាល់ឆ្នាំ។
លោក អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា បានបន្តថា អ្វីៗទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែគិតគូរ ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ហើយក៏ជាការខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និត របស់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អនុគណៈកម្មាធិការរាជធានី ខេត្ត គ្រូបង្វឹក ជាពិសេសក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនីផ្ទាល់ ។

ឆ្លៀតក្នុងឱកាសនេះ លោកសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាបណ្តា ខេត្តដែលពុំទាន់ បានចូលជាសមាជិកអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ព្រមទាំងអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ ។ ហើយម៉្យាងវិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជាសមាជិក សមាជិកា អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត និងតំណាងខេត្ត ភ្ញៀវកិត្តិយស អាណាព្យាបាល ក្មួយៗទាំងអស់ ដែលបានចំណាយពេលវេលាដ៍មមាញឹក មកចូលរួមក្នុងកម្មវិធីនាពេលនេះ។ ហើយក៏សូមឲ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាគ្នាឲ្យបានផុសផុលល្អិតល្អន់ ផ្តល់ធាតុចូលអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកទិសដៅបន្តឱ្យចំគោលដៅទៅដល់គ្រប់រាជធានី ខេត្ត និងទទួលបានលទ្ធផលល្អ៕

Most Popular

To Top