កីឡា

បិទវគ្គបណ្តុះបណ្តាល បច្ចេកទេស កីឡាឡើងភ្នំ សម្រាប់សាធារណជន អត្តពលោក គ្រូបង្វឹក និងអាជ្ញាកណ្តាល កម្រិត១-២ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក សំកុល សុចិត្រា អភិបាលរង ខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងលោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធ កីឡាឡើងភ្នំកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការនី គ្រូបង្វឹក និងអាជ្ញាកណ្តាលកម្រិត១-២ នៅសាលាខេត្តសៀមរាប ក្រោមការប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំ សម្រាប់សាធារណជន កីឡាករ កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល កម្រិត១-២ របស់សហព័ន្ធកីឡា ឡើងភ្នំកម្ពុជា (ស.ឡ.ក) មានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ ហើយសហព័ន្ធរៀបចំធ្វើឡើង ដើម្បីអភិវឌ្ឍកីឡាឡើងភ្នំ នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមលក្ខន្តិកៈ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។
វគ្គបណ្តុះបណ្តាលនេះក្នុង គោលបំណងផ្តល់ជូន ទៅសិក្ខាកាមឲ្យបានយល់ដឹង ពីបច្ចេកទេស នៃការឡើងភ្នំ ច្បាប់កីឡានានា និងគោល ការណ៍ចម្បង នៃការដាក់ពិន្ទុ ដែលជាការត្រៀម សម្រាប់ការរៀបចំប្រកួតថ្នាក់ជាតិ នាពេលខាងមុខនេះ រួមទាំងធ្វើ ការផ្សព្វផ្សាយ ពីបច្ចេកទេសកីឡាឡើងភ្នំថ្មីៗ និងការអនុវត្តផ្ទាល់ពីបច្ចេកទេស នៃការឡើងភ្នំធម្មជាតិ ដែលមាន ទីតាំងនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនផងដែរ ។

លោកអភិបាលរង លើកឡើងថា កីឡាគឺបានរួមចំណែកលើកកម្ពស់ការអប់រំ សីលធម៌ សុខភាព មិត្តភាព សាមគ្គីភាព ទេពកោសល្យនិងអភិវឌ្ឍសមត្ថភាព ។ កីឡាឡើងភ្នំ គឺចលនាបំផុសស្មារតីយុវជន ជំនាន់ក្រោយឱ្យងាកមក ចាប់អារម្មណ៍លេងកីឡាឡើងវិញ គឺស្របនឹងទិសដៅអភិវឌ្ឍន៍ជាតិ ដែល សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចពាក្យស្លោកថា “កីឡាសាងមនុស្ស មនុស្សសាងសង្គម” ។

Most Popular

To Top