កីឡា

លោក ប៉ុន សុខ អគ្គនាយកកីឡា អញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ ណែនាំអប់រំកាយ ប្រកបដោយបរិយាបន្ន

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ចូលរួមពិធីបើកវគ្គសិក្ខាសាលាស្តីពី ការអភិវឌ្ឍគោលការណ៍ណែនាំអប់រំកាយប្រកបដោយបរិយាបន្ន ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ នៅនាយកដ្ឋានអប់រំកាយ និង កីឡា សិស្ស និសិ្សត ។

ក្នុងឱកាសនបក៏មាន ការអញ្ជើញចូលរួម ពីសំណាក់ លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក Nishiyama Naoki អគ្គលេខាធិកា អង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស កញ្ញា យន់នេយ៉ាម៉ា ហារុកាត់ ប្រធានអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស ព្រមទាំងសិក្ខាកាមជាច្រើនរូប ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ក្នុងវិស័យអប់រំកាយ និងកីឡា ការអប់រំបរិយាបន្នមានសារសំខាន់ជាពិសេស សកម្មភាពអប់រំកាយ និងកីឡាមិនត្រឹមតែជួយបង្កើនសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសុខភាពផ្លូវចិត្ត ជំនាញសង្គម ការងារជាក្រុម វិន័យ និងទំនុកចិត្តលើខ្លួនឯង ។ ជាពិសេសសម្រាប់កុមារ និងសិស្សដែលមានពិការភាព កីឡានិងលំហាត់កាយសម្បទា អាចក្លាយជាឧបករណ៍​ ដ៏មានអានុភាព ក្នុងការរួមបញ្ចូលពួកគេឱ្យ មានតួនាទីសកម្មក្នុងសង្គម។

លោកអគ្គនាយក បានបន្តថា ទោះជាយ៉ាងណាការអនុវត្តអប់រំ បរិយាបន្នក្នុងវិស័យអប់រំកាយ និងកីឡា នៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា កង្វះគ្រូដែលមានជំនាញបរិយាបន្ន កង្វះឧបករណ៍សមស្រប ការកែសម្រួលកម្មវិធីសិក្សា និងបរិយាកាសសិក្សាដែលមិនទាន់ ឆ្លើយតបទៅនឹងតម្រូវការ របស់សិស្សគ្រប់ប្រភេទ ។ លោកអគ្គនាយកបានផ្តល់ជាអនុសាសន៍ ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ យើងត្រូវរួមគ្នាអនុវត្តវិធានការ ជាក់លាក់ដូចជារកែសម្រួលកម្មវិធីសិក្សា និងសកម្មភាពកីឡាឲ្យអាចបត់បែនតាមសមត្ថភាពសិស្សការផ្តល់ឧបករណ៍ និងបរិក្ខារកីឡាដែលមានសុវត្ថិភាព និងសមស្រប និងការរបង្កើតបរិយាកាសសិក្សាដែលលើកទឹកចិត្តស្មើភាព និងគ្មានការរើសអើង ៕

Most Popular

To Top