ភ្នំពេញ ៖ ការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួម ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត” ដោយមានកីឡាករ អុកចត្រង្គ ១១៦ រូប មកពីទូទាំងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងស្វែងរកបេក្ខភាពជើងខ្លាំងឡើង ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត” នៅភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើង ពីថ្ងៃទី ២៥-២៩ ខែមីនា ឆ្នាំ២០២៦ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

ការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួម ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត” ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ។

ក្នុងឱកាសពិធីបើការប្រកួតនេះ ទទួលបានកិត្តិយសអញ្ជើញ ចូលរួមពី សំណាក់ លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ ក្រសួង ផែនការ និងអនុប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គអង្គរសង្ក្រានតំណាងលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គអង្គរសង្ក្រាន លោក វង្ស វណ្ណី អនុប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គអង្គរសង្ក្រាន លោក ឃាវ ពីវ អនុប្រធានសហព័ន្ធ អុកចត្រង្គកម្ពុជា និងលោក ហូយ សូណា ប្រធានបច្ចេកទេសសហព័ន្ធ អុកចត្រង្គកម្ពុជា និងមន្ត្រីសហភាពសហព័ន្ធ យុវជនកម្ពុជាជាច្រើនរូប ។

លោក លី ចាន់សុភក្តី បានមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គ ក្រោមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយលោក ហ៊ុន ម៉ានី ក៏ជាប្រធានក្រុមការងារ រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានផង នោះបានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិតនានា ។

លោកអនុប្រធានក្រុមការងារ រៀបចំការប្រកួតអុកចត្រង្គអង្គរសង្ក្រាន បានបន្តថា កីឡាអុកចត្រង្គនេះ មានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើ សិលាចារិក តាមជញ្ជាំងប្រាសាទ បុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទ ព្រះខ័នជាដើម ។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើម របស់លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឲ្យ មានការប្រកួតបន្ថែម ដូចជាជើងឯកកុមារ និងមហាជនសម្រាប់ព្រឹត្តិការណ៍ណគរសង្រ្កាន្តឆ្នាំ២០២៦ ។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរ មួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕








