កីឡា

ក្រសួងអប់រំ យុវជន និង កីឡាចាប់ផ្តើមប្រមូល ផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៦ លើ ៤០ ប្រភេទកីឡា

ភ្នំពេញ៖ ក្រោយពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៦នាថ្ងៃទី១៨ ខែមីនា នេះ ដោយមានការអញ្ជើញ ចូលរួមពី សំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងតំណាងសហព័ន្ធកីឡាជាតិបានសម្រេចដាក់ ៤០ ប្រភេទកីឡា។

លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងតាមអនឡាញថា ឆ្នាំនេះក្រសួងអប់រំ បានបានសម្រេចដាក់ ៤០ ប្រភេទកីឡាចំពោះប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០២៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ៤ ប្រភេទហ្វឹកហាត់រយៈពេល២ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា ត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន និងការ ប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា កីឡាទាំង៤០ ប្រភេទរួមមាន កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី កីឡាបាល់បោះ កីឡាប្រដាល់សកល កីឡាទូកប្រពៃណី កីឡាទោចក្រយាន កីឡាជិះសេះ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាវាយកូនគោល កីឡាកាយសម្ព័ន្ធ កីឡាហុកគី កីឡាយូដូ កីឡាទូកក្តោង កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាវាយកូនបាល់ និងកីឡាទ្រីយ៉ាត្លុង។
កីឡាបាល់ទះ កីឡាចំបាប់ កីឡាលើកទម្ងន់ កីឡាការ៉ាតេ កីឡាជឺជីស៊ូ កីឡាសូហ្វតិនី្នស កីឡាយុទ្ធគុចម្រុះ កីឡាសីដក់ កីឡាបាល់ទាត់លើតុ កីឡាវូស៊ូ កីឡាអុកចត្រង្គ កីឡាគុនខ្មែរ កីឡាគុនល្បុក្កតោ កីឡារាំ កីឡាវ៉ូវីណាម កីឡាឃីកប៊ុកស៊ីង កីឡាប៉េតង់ កីឡាប៊ីយ៉ា កីឡាបញ្ចស៊ីឡាត់ និងកីឡាម៉ូតូទឹក៕
ដោយ៖លី ភីលីព

Most Popular

To Top