ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យតំណាងថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងកម្មវិធីរត់ដើម្បីលើកកម្ពស់ ការអាននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីគម្រោងក្នុងការរៀបចំយុទ្ធនាការ ផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអានតាមរយៈការរៀបចំកម្មវិធីរត់ ក្រោមប្រធានបទ «រត់ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធីនេះមានគោលបំណងសំខាន់ៗរួមមាន ការចូលរួមចំណែកបន្តជំរុញ និងលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡានៅព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល ព្រមទាំងបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់កម្មវិធីសំខាន់ៗរួមមាន ទិវាអំណានថ្នាក់ជាតិ ពិព័រណ៍សៀវភៅថ្នាក់ជាតិ និងគាំទ្រដំណើរទស្សនកិច្ចសិក្សា របស់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៃសាលារៀនរដ្ឋក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៃធនាគារជាតិនៃកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា ដោយកម្មវិធីនេះ មិនត្រឹមតែជួយជំរុញ សុខភាពតាមរយៈការរត់ប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដ៏មានសារៈសំខាន់ក្នុងការដាស់ស្មារតី យុវជនឱ្យងាកមក បណ្តុះទម្លាប់ និងបង្កើន វប្បធម៌នៃការអាន ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការកសាង មូលធនមនុស្សស្រប តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។

ក្នុងន័យនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន និងឯកភាពជាគោលការណ៍លើកិច្ចសហប្រតិបត្តិការរៀបចំយុទ្ធនាការនេះ ក៏ដូចជាឱ្យបន្តពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធរបស់ក្រសួង ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ និងភាពជោគជ័យតាមការគ្រោងទុក៕

