ខេត្តកំពង់ស្ពឺ៖នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ តំណាងឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ និង ក្រុមគ្រួសារបានដឹកនាំមន្ត្រី និងកីឡាករ-កីឡាការិនី ហាប់គីដូ រៀបចំពិធីបុណ្យឆ្លងបុស្សបុក និងអភិសេកព្រះពុទ្ធរូប នៅសាលាបឋមសិក្សា ២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានមានប្រសាសន៍ថា លោក និងក្រុមគ្រួសារ បានមូលមតីគ្នា ដើម្បីរៀបចំពិធីបុណ្យឆ្លងបុស្សបុក និងអភិសេកព្រះពុទ្ធរូប នៅសាលាបឋមសិក្សា ២៤ កញ្ញា ដែលជាបឋមសិក្សាមួយ ស្ថិតនៅតំបន់ដាច់ស្រយាល ហើយសាលាបឋមសិក្សា រូបលោក និងក្រុមគ្រួសារ បានជួបឧបត្ថម្ភកសាងអាគារសិក្សា និងការិយាល័យថែមទៀត ។

លោកប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានបន្តថា ក្រោយពីលោកនាយកសាលាបឋមសិក្សា ២៤កញ្ញា បានស្នើសុំឲ្យសហព័ន្ធខ្មែរ កីឡាហាប់គីដូ បង្កើតក្លិបកីឡាហាប់គីដូនៅទីនេះ ហើយលោកកំពុងធ្វើការសិក្សា ទីតាំងហ្វឹកហាត់ដល់សិស្ស និងកូនប្រជាជន ភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺសិន ។ ហ្វឹកហាត់តាមសាលារដ្ឋ ជាផែនការមេរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ ដើម្បីជំរុញការអភិឌ្ឍន វិស័យកីឡាហាប់គីដូ ឲ្យក្លិបនៅតាមបណ្តាលនានាក្នុងប្រទេសកម្ពុជា ។

សហព័ន្ធខ្មែរ កីឡាហាប់គីដូបានបង្កើតក្លិបហាប់គីដូមួយ ក្នុងសាលាបឋមសិក្សាបាក់ទូករួចហើយ ដែលមានកីឡាករ-កីឡាការិនីច្រើននាក់កំពុងធ្វើហ្វឹកហាត់ ។ ចំណែកពេលថ្មីៗនេះ សហព័ន្ធខ្មែរ កីឡាហាប់គីដូសហការជាមួយសាលារៀន ឯកជនមួយស្ថិតនៅក្រុងអរិយក្សត្រ ជាក្រុង និងទីប្រជុំជនក្នុង ខេត្តកណ្តាលគ្រោងនឹងបើកក្លិបកីឡាហាប់គីដូដល់សិស្សានុសិស្សនៅទីនោះ។

លោក គួច ហុងជៀក ប្រធានស្តីទី សហព័ន្ធខ្មែរ កីឡាហាប់គីដូបានបញ្ជាក់ថា សហព័ន្ធខ្មែរ កីឡាហាប់គីដូ សព្វថ្ងៃនេះកំពុងតែផ្សាជាមួយព្រះពុទ្ធសាសនា កីឡា និងវិស័យសិក្សាជាចំម្បង មានន័យថា ថ្នាក់ដឹកនាំសហព័ន្ធតែងតែចូលរួមរាល់សកម្មភាពទំាងព្រះពុទ្ធសាសនា និងវិស័យសិក្សាដូចជាចូលរួមឧបត្ថម្ភ និងកសាងសមិទ្ធផល សាលាបឋមសិក្សា ២៤ កញ្ញាជាដើម ៕
ដោយ៖លី ភីលីព




