ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតី ពិធីបើកវគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” ជាផ្លូវការ ក្នុងនោះក៏មានអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការលោកក្រសួងអប់រំ យុវជន លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា វគ្គបំប៉នសមត្ថភាពស្តីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ដោយមានសិក្ខាកាមចំនួន ៧០ នាក់មកពី ២៥ រាជធានីខេត្ត សហព័ន្ធកីឡាជាតិចំនួន ៣០ និង សាកលវិទ្យាល័យចំនួន ១៥ ។ ការរៀបចំវគ្គបំប៉ននេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព អ្នកចូលរួមឲ្យទទួលបាននូវ ចំណេះដឹង ជំនាញ និងឧបករណ៍អនុវត្តជាក់ស្តែង ត្រូវការដើម្បីរៀបចំផែនការ រៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅកម្រិតផ្សេងៗប្រកបដោយប្រសិទ្ធភាព លើកកម្ពស់វិជ្ជាជីវៈ ធានាការអនុវត្តព្រឹត្តិការណ៍កីឡាប្រកបដោយជោគជ័យ លើកកម្ពស់ការងារជាក្រុមឲ្យមាននិរន្តរភាព ព្រមទាំងបង្កើនធនធានមន្រ្តីកីឡា នៅតាមសហព័ន្ធកីឡាជាតិ សាកលវិទ្យាល័យ វិទ្យាស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តឲ្យការរៀបចំមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការលោកក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបំប៉នសមត្ថភាពដ៏មានសារសំខាន់នេះ ព្រមទាំងអញ្ជើញមន្ត្រីពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត សហព័ន្ធកីឡាជាតិ និងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ស្តីពីការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងបង្កើនធនធានមន្រ្តីកីឡាពាក់ ព័ន្ធបម្រើឲ្យការងារ កីឡា ទទួលបានបទពិសោធន៍ក្នុងការ រៀបចំព្រឹត្តិការណ៍ កីឡាមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ និងសាកលលោក។

លោករដ្ឋលេខាធិការលោកក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងក្របយកចំណេះដឹងថ្មីៗ គ្រូបានផ្តល់ឲ្យដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការប្រកួតក្នុងកម្រិតក្រោមជាតិ ជាតិ អន្តរជាតិ ឱ្យមានប្រសិទ្ធភាព ឆ្ពោះទៅឆ្នាំ២០២៨ និងឆ្នាំ២០៣១។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអប់រំកាយ និងកីឡាផងដែរ។ ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងបរិបទនៃការរីកចម្រើនវិស័យកីឡាជាតិ តំបន់ និងពិភពលោក។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗពីរ គឺ (១) រៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និង (២) ការរៀបចំការប្រកួតកីឡាយុវជនស៊ី ឆ្នាំ២០៣១ នៅព្រះរាជាណាចក្រកម្ពុជា៕





