អ៊ីរ៉ង់ ៖ នេះបើយោងតាម របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីរ៉ង់ បានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៃការវាយប្រហារ ដែលសង្ស័យថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក មកលើសាលារៀនក្មេងស្រីមួយកន្លែងនៅទីក្រុង Minab ក្នុងអំឡុងពេលការប្រកួតមួយ នៅប្រទេសទួរគី យោងតាមការចេញផ្សាយពីគេហទំព័រ RT។
ការវាយប្រហារនៅថ្ងៃទី ២៨ ខែកុម្ភៈ លើសាលារៀន Shajarah Tayyebeh បានកើតឡើងនៅថ្ងៃដំបូង នៃការវាយប្រហាររវាងអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានសម្លាប់សិស្ស និងបុគ្គលិកជាង ១៧៥ នាក់។ ដោយបង្ហាញខ្លួននៅលើទីលានមុនការប្រកួតជាមួយប្រទេសនីហ្សេរីយ៉ានៅទីក្រុង Antalya ប្រទេសទួរគីនៅថ្ងៃសុក្រ ក្រុមបាល់ទាត់អ៊ីរ៉ង់បានកាន់កាបូបស្ពាយតូចៗ ពណ៌ផ្កាឈូក និងពណ៌ស្វាយ និងពាក់ខ្សែដៃពណ៌ខ្មៅ។
ថ្លែងទៅកាន់សម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បានអះអាងថា ការវាយប្រហារលើសាលារៀននេះ មិនមែនជាឧប្បត្តិហេតុ ឬការគណនាខុស នោះទេ ដោយសារតែបច្ចេកវិទ្យាយោធាទំនើបរបស់អាមេរិក និងអ៊ីស្រាអែល។
អ្នកការទូតអ៊ីរ៉ង់រូបនេះបានទាមទារការថ្កោលទោសយ៉ាងច្បាស់លាស់ពីមនុស្សគ្រប់គ្នា និងការទទួលខុសត្រូវដ៏ច្បាស់លាស់ចំពោះជនល្មើស ដោយព្រមានថា ភាពព្រងើយកន្តើយ និងភាពស្ងៀមស្ងាត់ នឹងអញ្ជើញឲ្យមានអសន្តិសុខ និងការរំលោភបំពានសិទ្ធិកាន់តែច្រើន។
យោងតាមលោក Araqchi ចេញផ្សាយថា សាលារៀនជាង ៦០០ កន្លែងត្រូវបានកម្ទេចចោល ឬខូចខាតនៅទូទាំងប្រទេសអ៊ីរ៉ង់ និងសិស្ស និងគ្រូបង្រៀនជាង ១០០០ នាក់បានស្លាប់ ឬរងរបួសជាលទ្ធផល” នៃការឈ្លានពានរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល រហូតមកដល់បច្ចុប្បន្ន។
លោកក៏បានអះអាងថា មន្ទីរពេទ្យ និងតំបន់លំនៅដ្ឋានត្រូវបានវាយប្រហារ ម្តងហើយម្តងទៀត ដែលជាអ្វីដែលបង្ហាញពី ចេតនាច្បាស់លាស់ក្នុងការប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍៕
