អេស្ប៉ាញ៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា នាង Noelia Castillo បានស្លាប់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានថ្នាំបញ្ចប់ជីវិតនៅមណ្ឌលសុខភាព មួយក្នុង Sant Pere de Ribes ជិតទីក្រុងបាសេឡូណា ដោយនាងបានស្នើសុំនៅម្នាក់ឯង នៅពេលនាងស្លាប់ ទោះបីជាសាច់ញាតិ មានវត្តមានពីមុនក៏ដោយ ក្នុងនោះមិត្តភក្តិជិតស្និទ្ធម្នាក់ សង្ឃឹមថានឹងបញ្ចុះបញ្ចូលនាង ឲ្យតាមចិត្តរបស់នាង។
នាង Castillo ធ្លាប់រស់នៅជាមួយជំងឺផ្លូវចិត្ត រួមទាំងជំងឺផ្សេងទៀត ហើយធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតពីមុនមក កាល ខែតុលា ឆ្នាំ ២០២២ ត្រូវបានគេរាយការណ៍ថា បន្ទាប់ពីអំពើហិង្សាផ្លូវភេទអស់រយៈពេលជាច្រើនឆ្នាំ និងការវាយប្រហារជាក្រុមថ្មីៗនេះ នាងបានលោតពី លើបង្អួចជាន់ទី៥ ក្នុងការប៉ុនប៉ងធ្វើអត្តឃាត ដោយទុកឲ្យនាងមានជំងឺខ្វិន ដែលមិនអាចត្រឡប់វិញបាន និងការឈឺចាប់រ៉ាំរ៉ៃ។ ក្រោយមកនាងត្រូវបានចាត់ថ្នាក់ជាជនពិការធ្ងន់ធ្ងរ។
បទសម្ភាសន៍មួយបានចាក់ផ្សាយមួយថ្ងៃមុនពេលនាងស្លាប់ Castillo បាននិយាយថា នាងមិនអាចបន្តទៅមុខទៀតបានទេ ដោយបន្ថែមថា ទីបំផុតខ្ញុំបានគ្រប់គ្រងវាហើយ ដូច្នេះសូមរង់ចាំមើលថាតើខ្ញុំអាចសម្រាកបានឬអត់ឥឡូវនេះ។ នាង បានបន្តថា គ្មាននរណាម្នាក់ក្នុងគ្រួសារខ្ញុំគាំទ្រទេ ប៉ុន្តែចុះយ៉ាងណាចំពោះការឈឺចាប់ ដែលខ្ញុំបានរងទុក្ខ អស់រយៈពេលជាច្រើនឆ្នាំមកនេះ?
នាង Castillo បានដាក់ពាក្យសុំជំនួយ សម្រាប់ការស្លាប់ក្នុងខែមេសា ឆ្នាំ២០២៤ តាមរយៈស្ថាប័នត្រួតពិនិត្យកាតាឡាន បានអនុម័តសំណើរបស់នាង ដោយរកឃើញថា នាងបានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្លូវច្បាប់ដែលត្រូវការ។ ការសម្រេចចិត្តនេះត្រូវបានជំទាស់ដោយឪពុករបស់នាង ដែលតំណាងដោយក្រុមកាតូលិកអភិរក្សនិយម Abogados Cristianos បានអះអាងថា ស្ថានភាពរបស់នាង បានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពសម្រេចចិត្តរបស់នាង។
ករណីនេះបានឆ្លងកាត់ តុលាការច្រើន ដោយតុលាការកំពូល របស់ប្រទេសអេស្ប៉ាញ បានគាំទ្រសិទ្ធិរបស់នាង ហើយបណ្តឹងឧទ្ធរណ៍ចុងក្រោយទៅកាន់តុលាការ សិទ្ធិមនុស្សអឺរ៉ុបត្រូវបានបដិសេធ នៅដើមខែនេះ ។ ករណីរបស់នាង Noelia Castillo បានបង្កឲ្យមាន ការជជែកវែកញែកផ្នែកច្បាប់ និងសីលធម៌ ដោយវេជ្ជបណ្ឌិត និងសកម្មជនបាន បែងចែកគ្នាលើបញ្ហានេះ៕
