កីឡា

អ្នកគាំទ្រព្រឹត្តិការណ៍បាល់ទាត់ Premier League គាំទ្រការអំពាវនាវឲ្យលុបចោលការប្រើប្រាស់ VARលើទីលានប្រកួត

ឡុងដ៍៖ នេះបើយោងតាមការស្ទង់មតិរបស់សមាគមអ្នកគាំទ្របាល់ទាត់ (FSA) បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រព្រឹត្តិការណ៍បាល់ទាត់ Premier League ជាង ៣ ភាគ ៣ ចង់ឃើញការប្រើប្រាស់ VAR ត្រូវបានលុបចោល ហើយថែមទាំងជឿថា វាមានផលប៉ះពាល់អវិជ្ជមានដល់បទពិសោធន៍នៃការប្រកួត យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ការស្ទង់មតិអ្នកគាំទ្រជិត ៨,០០០ នាក់ ដែលជាងពាក់កណ្តាល នៃពួកគេបានចូលរួមការប្រកួតក្នុងផ្ទះជាង ១៥ លើកក្នុងមួយរដូវកាល បានបង្ហាញពីភាពមិនពេញនិយមនៃប្រព័ន្ធបច្ចុប្បន្ន ទោះបីជា Premier League ទទូចថា វាបាននាំឲ្យមានការសម្រេចចិត្តត្រឹមត្រូវជាងមុនក៏ដោយ។

នៅពេលសួរថា តើពួកគេគាំទ្រការប្រើប្រាស់ VAR ដែរឬទេ ៧៦ ភាគរយបាននិយាយថា ពួកគេមិនគាំទ្រទេ ដោយជាង ៧០ ភាគរយមិនយល់ស្របថា វាបានធ្វើឲ្យប្រសើរឡើង នូវភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ការឯកភាពគ្នាថា VAR បានធ្វើឲ្យបាល់ទាត់មិន សូវរីករាយគឺស្ទើរតែជាឯកច្ឆន្ទនៅ ៩៧ ភាគរយ ខណៈជាង ៩០ ភាគរយមិនយល់ស្របថា វាបានធ្វើឲ្យបទពិសោធន៍ នៃការប្រកួតកាន់តែប្រសើរឡើង។

លោក Thomas Concannon អ្នកគ្រប់គ្រងបណ្តាញ Premier League របស់ FSA បាននិយាយថា លទ្ធផលបង្ហាញថាអ្នកគាំទ្រភាគច្រើនចង់ឲ្យ VAR ត្រូវបានដកចេញ។ អ្នកគាំទ្រមានការខឹងសម្បារចំពោះពេលវេលាដែលវាត្រូវការ ខឹងសម្បារចំពោះភាពត្រឹមត្រូវ និងខឹងសម្បារចំពោះភាពឯកឯង ។ វាពិតជាដកហូតអ្វីដែលបាល់ទាត់មានន័យ និងអ្វីដែលជាពេលវេលាពិសេសទាំងនោះ។

ត្រូវបានណែនាំជាលើកដំបូង ក្នុងក្របខណ្ឌ Premier League កាលពី ៧ ឆ្នាំមុន ការត្អូញត្អែរទូទៅមួយអំពីបច្ចេកវិទ្យានេះ គឺវាត្រូវបានបង្កើតឡើង សម្រាប់ទស្សនិកជន ដែលមើលទូរទស្សន៍ជាជាងអ្នក ដែលក្នុងពហុកីឡដ្ឋាន ដែលជារឿយៗមិនដឹងអំពីមូលហេតុ នៃការពន្យារពេលក្នុងការប្រកួត។

ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិបានរកឃើញថា សូម្បីតែ ៩៤ ភាគរយ ក៏មិនយល់ស្របថា VAR ធ្វើឲ្យការមើលបាល់ទាត់ នៅលើទូរទស្សន៍កាន់តែរីករាយ ។ ជាការឆ្លើយតប Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្រាវជ្រាវរបស់ពួកគេ បង្ហាញថាអ្នកគាំទ្រភាគច្រើនគាំទ្រការរក្សា VAR ប៉ុន្តែកំពុងកែលម្អវិធី ដែលវាត្រូវបានប្រើប្រាស់៕

Most Popular

To Top