កីឡា

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ នៃក្រសួងអប់រំ អញ្ជើញជាអធិបតី ពិធីបើកទិវាអប់រំ កាយថ្នាក់ជាតិ លើកទី៦ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ គឺជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីបើកស្តីពីទិវាអប់រំកាយ ថ្នាក់ជាតិ លើកទី៦ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ។

ក្នុងឱកាសពិធីបើកស្តីពីទិវាអប់រំកាយថ្នាក់ជាតិ លើកទី៦ នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានប្រាប់ឲ្យដឹងថា ថ្ងៃនេះគឺជាទិវាមួយដ៏មហោឡារិក ដែលនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង នាពេលនេះ ។ ទិវាអប់រំកាយថ្នាក់ជាតិនេះ យើងរៀបចំបាន ៥ លើកមកហើយ លើកទី១ ឆ្នាំ២០២១ ខេត្តកំពត លើកទី២ ឆ្នាំ២០២២ ខេត្តសៀមរាប លើកទី៣ ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ លើកទី៤ ឆ្នាំ២០២៤ ខេត្តព្រៃវែង លើកទី៥ ឆ្នាំ២០២៥ ខេត្តតាកែវ និងលើកទី៦ ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង ក្នុងខេត្តនីមួយៗ ត្រូវបានជ្រើសរើសសាលាបឋមសិក្សាចំនួន៣មានបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមចំនួន៧០០នាក់ ស្រី៣៥០នាក់។

ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំទិវាអប់រំកាយថ្នាក់ជាតិនាពេលនេះមានចំណុច៣ គឺការបង្ហាញពីលទ្ធផលនៃការសិក្សារបស់សិស្សបានរៀនក្នុង១ឆ្នាំសិក្សា ការបណ្តុះវប្បធម៌អប់រំកាយ និងកីឡា ដើម្បីទាំងអស់គ្នា និងការបង្ហាញពីការសហការរវាងសាលារៀន និងសហគមន៍ដូចជាសាលាបឋមសិក្សាគំរូក្រុង (ទឹកក្រូច) សាលាបឋមសិក្សាអនុវត្តន៍ (លឿង) និងសាលាបឋមសិក្សាគីរីសុវណ្ណវង្ស (ពណ៌បៃតង)។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ស្របតាមគោលបំណងខាងលើ និងដើម្បីឆ្លើយតប ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើសមាសភាគអប់រំទាំង៥រួមមាន៖ ការអប់រំបញ្ញា អប់រំសិល្បៈ អប់រំពលកម្ម អប់រំសោភ័ណ និងអប់រំកាយនិងកីឡា ក្នុងនោះមុខវិជ្ជាអប់រំកាយនិងកីឡាក៏ជាសមាសភាគមួយដ៏មានសារសំខាន់ផងដែរ ។ ដោយឃើញពីគុណតម្លៃនៃទិវាអប់រំកាយ ទើបក្រសួងអប់រំ យុវជន និង កីឡាបានរៀបចំ ចងក្រងសៀវភៅទិវាអប់រំកាយ និងបានបោះពុម្ពជាផ្លូវការ សម្រាប់ផ្សព្វផ្សាយ ដល់សាលាបឋមសិក្សា នៅទូទាំងប្រទេសដើម្បីអនុវត្តន៍៕

Most Popular

To Top