ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល ២​ ឬ ៣​ សប្តាហ៍ខាងមុខ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា យោធាសហរដ្ឋអាមេរិក​ នឹងចាកចេញពីប្រទេសអ៊ីរ៉ង់​ ក្នុងរយៈពេលពីរ​ ឬបីសប្តាហ៍ខាងមុខ។

លោក ដូណាល់​ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “យើងចាកចេញព្រោះគ្មានហេតុផល​ សម្រាប់យើងធ្វើបែបនេះទេ”។​ លោក បានឧ្យដឹងនៅពេលសួរអំពីផែនការ របស់លោក​ សម្រាប់ការបន្ថយតម្លៃប្រេងឥន្ធនៈថា “អ្វីដែលខ្ញុំត្រូវធ្វើ​ គឺចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយយើងនឹងធ្វើវាឆាប់ៗនេះ ហើយប្រេងនឹងធ្លាក់ចុះ”។

តម្លៃប្រេងសាំងជាមធ្យមទូទាំងប្រទេស របស់សហរដ្ឋអាមេរិកបានកើនឡើងលើសពី ៤​ ដុល្លារអាមេរិកក្នុងមួយហ្គាឡុង​ នៅថ្ងៃអង្គារនេះ​ ជាលើកដំបូងក្នុងរយៈពេលជា​ង​ ៣ឆ្នាំ នេះបើយោងតាមសមាគមរថយន្តអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំងឡើងពីការប្រែប្រួលទីផ្សារថាមពល និងការព្រួយបារម្ភរបស់វិនិយោគិន លើជម្លោះដ៏យូរអង្វែង បានចេញការកត់សម្គាល់ផ្ទុយគ្នា មួយចំនួនលើពេលវេលា នៃសង្គ្រាមចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ។

លោក ត្រាំ បានបន្ដថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងចរចា ហើយវាអាចទៅរួចដែលសង្គ្រាមនឹងបញ្ចប់លឿនជាងនេះ ប្រសិនបើប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀងមួយ។

លោកបន្ថែមថា “វាអាចទៅរួច ដែលយើងនឹងមានកិច្ចព្រមព្រៀង ពីព្រោះពួកគេចង់ធ្វើកិច្ចព្រមព្រៀង ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ច្រើនជាងខ្ញុំចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី យើងនឹងបញ្ចប់”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top