ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា ក្រោយមហាសន្និបាតបញ្ចប់អាណត្តិរបស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ចប់កាលពីពេលថ្មីៗនេះ ហើយ អាណត្តិថ្មីនឹងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន និងអនុវត្តចាប់ពីឆ្នាំ២០២៦ទៅ ដោយរៀបចំការជំរុញ និងពង្រីកវិសាលភាពការយល់ដឹងស្តីអំពីការអប់រំអូឡាំពិក ឬឧត្តមគតិអូឡាំពិកផ្នែកអប់រំនូវអត្ថប្រយោជន៍នៃ សកម្មភាពចលនាកីឡា នៅក្នុងសង្គមជាតិដល់សិស្សានុសិស្ស។

លោកអគ្គលេខាធិការ NOCC បានបន្តថា ផែនការបញ្ជ្រាបនេះគឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុវត្តតាម ផែនការរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏ដូចជា អង្គការសាមគ្គីអូឡាំពិក និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយ ក្នុងនោះក៏មានការណែនាំផ្តល់ជាអនុសាសន៍លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបង្កើតនៅក្រុមមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនទៅសិក្សារៀនសូត្រអំពីចលនាអូឡាំពិក ឬឧត្តមគតិអូឡាំពិកនៅក្រៅប្រទេស ដើម្បីនាំយកនូវចំណេះជំនាញមកធ្វើការផ្សព្វផ្សាយ បានយ៉ាងទូលំទូលាយស្របតាមផែនការយុទ្ធសាស្រ្ត កំណែទម្រង់ របស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្ជា្របចំណេះដឹងខាងផ្នែក អប់រំកាយ និងកីឡា ដើម្បីជួយរួមចំណែក អភិវឌ្ឍន៍សុខភាពសិក្សារបស់សិស្សអោយបានល្អដែលឈានទៅពង្រឹងសុខភាពសិក្សារបស់សិស្សបានល្អ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា ឆ្នាំ ២០២៦នេះ ដោយមានកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា យ៉ាងល្អនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមានកម្មវិធី ផ្សព្វផ្សាយពិសេស គឺចុះទៅកាន់ខេត្តជាយដែនពិសេស ខេត្តរងផលប៉ះពាល់ដោយសង្រ្គាម ដោយសារតែការរំលោភឈ្លានពានពីប្រទេសថៃកន្លងមក។ ក្នុងនោះមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ទន្ទឹមនិងនោះ ក្នុងយុទ្ធនានាការផ្សព្វផ្សាយនោះ នឹងមានការផ្តល់ជាជំនួយដូចជាការរៀបចំទីលានកីឡាក្នុងសាលារៀន ដែលរងផលប៉ះពាល់ និងសាលារៀនមានការខ្វះខាតក្នុងសកម្មភាពកីឡា។ ក្រុមការងារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំជួសជុលកែលម្អរ និងសាងទីលានចំនួន ២ ជូន ។ ជាមួយគ្នានោះដែរ មន្រ្តីរបស់យើងក៏មាន កម្មវិធីអប់រំ ដល់ សិស្សានុសិស្ស និង លោកគ្រូ និង អ្នកគ្រូ នៅទីនោះទទួលបាននៅចំណេះដឹងកីឡា ដើម្បីឱ្យពួកគាត់មាន សកម្មភាពកីឡា ដើម្បីឱ្យកុមារ មានរឹងមាំផ្នែកបញ្ញាស្មារតីជួយឱ្យសុខភាពសិក្សាបានល្អប្រសើរ។

លោកបានអះអាងទៀតថា ការដាក់ចេញនៅផែនការផ្សព្វផ្សាយ ចលនាអូឡាំពិក ដល់កុមារ និងយុវជន ដែលជាសិស្សានុសិស្សនៅតាមបណ្តាខេត្ត ទូទាំងប្រទេសនេះ គឺជាកម្មវិធីរួមចំណែកមួយក្នុងការកសាងនូវ ធនធានមនុស្ស ពីវ័យកុមារភាពទៅ ដើម្បីឱ្យពួកគាត់មានការចាប់ផ្តើមដោយដំណើរត្រឹមត្រូវ។ លោកអគ្គលេខាធិការ សង្ឈឹមជឿជាក់ថា កម្មវិធីផ្សព្វផ្សាយចលនាអូឡាំពិកនេះ ចាប់ពីឆ្នាំ ២០២៦ នេះរហូតដល់ ៤ ឆ្នាំទៅទៀត កម្មវិធីអប់រំ អូឡាំពិក នឹងត្រូវបានផ្សព្វផ្សាយ បានបញ្ជ្រាបផ្សព្វផ្សាយដល់ កុមារទាំងអស់នៅទូទាំងប្រទេស៕

ដោយ៖ លី ភីលីព
