ភ្នំពេញ ៖ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជានេះឡើង ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីតកីឡាករ ជម្រើសជាតិ កីឡាករ បាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់ បានចូលរួមលេង កីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទំាងសាមគ្គីភាព ។

លោក រិទ្ធ ឌីកា បានលើកឡើង ក្នុងឱកាស នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ពិធីបើកកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតមុនការប្រកួត កីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិនៅភោជនីយដ្ឋាន សង្រ្កាននឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម ។

លោក រិទ្ធ ឌីកា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះគណៈកម្មការរៀបចំបានកំណត់ថា ក្រុមនីមួយៗត្រូវមានកីឡាកមានអាយុបូករួមបញ្ចូលគ្នាទាំង ១១ នាក់លើទីលានអោយបាន៤៥០ឆ្នាំឡើងទៅ។ ការប្រកួតនេះត្រូវបានកំណត់អាយុចាប់ពី ៣៥ ដល់ ៣៩ ឆ្នាំឡើងទៅ ចំនួន០១រូប សម្រាប់អ្នកចាំទី។ ក្រុមនីមួយៗ ត្រូវមានឯកសណ្ឋានចាប់ពី ២ឈុតឡើងទៅ និងត្រូវមានទង់អនុស្សារីយ៍ក្រុមផ្ទាល់ខ្លួន។
ក្រុមនីមួយៗ ត្រូវមានកីឡាករចុះឈ្មោះដាក់ពាក្យចូលរួមមិនតិចជាង ១៥ នាក់ និងមិនលើស៣០ នាក់ អ្នកចាំទីចំនួន ២ នាក់ និងគ្រូបង្វឹក ៥ នាក់។
ករណីក្រុមដែលមានលទ្ធផលស្មើគ្នា រយៈពេល៩០ នាទី ត្រូវកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ។ ក្រុមនីមួយៗអាចផ្លាស់ប្ដូរកីឡាករអំឡុង ពេលប្រកួតបានចំនួន០៥ដង ។ កីឡាករដែលប្ដូរចេញអាចប្ដូរចូលវិញបាន សម្រាប់តែការបញ្ចប់វគ្គទីមួយ (ក្នុងតង់)តែប៉ុនណោះ ។ កីឡាករដែលប្ដូរចេញហើយអាចប្ដូរចូលវិញបាន គឺសម្រាប់តែកីឡាករមានអាយុ៥០ឆ្នាំឡើង តែប៉ុនណោះ។

លោកប្រធានក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជ ស្វាយរៀង បានបញ្ជាក់ថា ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ប៉ូលីស។ ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ប៉ះជាមួយក្រុមបាល់ទាត់វ័យចាស់ប៉ូលីស នៅម៉ោង ៥ ល្ងាច និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង នៅម៉ោង ៣ ល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដដែលក្រុមចាញ់ប៉ះក្រុមចាញ់ប្រជែងយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៣រសៀល និងក្រុមដណ្តើមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ នៅម៉ោង ៥ ល្ងាច ៕




