កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានក្រុមបាល់ទាត់ជម្រើសជាំតិកូរ៉េខាងត្បូង លោកSon Heung-min បានទទួលស្គាល់ថា កូរ៉េខាងត្បូងមានការងារត្រូវធ្វើ បន្ទាប់ពីចាញ់ការប្រកួតមិត្តភាពពីរលើកនៅអឺរ៉ុបដោយមិនស៊ុតបញ្ចូលទីបានមួយគ្រាប់ និងទម្រង់លេងផ្ទាល់ខ្លួនរបស់លោកស្ថិតក្រោមការត្រួតពិនិត្យមុនព្រឹត្តិការណ៍ World Cup។
កូរ៉េខាងត្បូងបានចាញ់អូទ្រីស ១-០ នៅទីក្រុងវីយែន កាលពីថ្ងៃអង្គារ ដោយកីឡាករ Son លេងមិនសូវល្អបានបរាជ័យ ក្នុងការបំប្លែងឱកាសជាច្រើន នៅពីមុខគ្រាប់បាល់ បន្ទាប់ពីរងបរាជ័យ ៤-០ ទល់នឹងកូតឌីវ័រ នៅចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍។
ការប្រកួតទាំងនេះ ជាឱកាសចុងក្រោយ សម្រាប់កីឡាករដែលធ្វើឲ្យគ្រូបង្វឹក Hong Myung-bo ចាប់អារម្មណ៍ មុនពេលគាត់ដាក់ឈ្មោះក្រុម របស់គាត់សម្រាប់ព្រឹត្តិការណ៍ World Cup នៅអាមេរិក ម៉ិកស៊ិក និងកាណាដាក្នុងខែមិថុនា-កក្កដា។
កីឡាករ Son បាននិយាយថា លទ្ធផលពិតជាគួរឲ្យខកចិត្ត ប៉ុន្តែខ្ញុំគិតថាយើងត្រូវផ្តោតលើទិដ្ឋភាពវិជ្ជមាន និងរៀបចំខ្លួនឲ្យកាន់តែប្រសើរឡើង សម្រាប់ព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ ខ្ញុំដឹងថាអ្នកគាំទ្រអាចមានអារម្មណ៍ ខកចិត្តបើប្រៀបធៀបទៅនឹងការរំពឹងទុករបស់ពួកគេ ប៉ុន្តែដំណាក់កាលពិតប្រាកដគឺព្រឹត្តិការណ៍ World Cup។
កូរ៉េខាងត្បូង ស្ថិតនៅក្នុងពូលជាមួយសហម្ចាស់ផ្ទះម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងសាធារណរដ្ឋឆែក ក្នុងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ “2026 FIFA World Cup”ដែលមាន ៤៨ ក្រុម៕
