សៀមរាប ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់កិត្តិនាម កម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។

គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញ ការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោង សហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។





