អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានចេញផ្សាយការអាប់ដេត iOS ជាបន្ទាន់ ដោយអំពាវនាវឲ្យអ្នកប្រើប្រាស់ iPhone រាប់លាននាក់ទាញយកវាឥឡូវនេះ ដើម្បីការពារនៃការលួចទិន្នន័យ។
ក្រុមហ៊ុនបានពង្រីកភាពអាចរកបាន នៃការអាប់ដេត iOS 18.7.7 និង iPadOS 18.7.7 របស់ខ្លួនទៅកាន់ឧបករណ៍ជាច្រើនប្រភេទ ដោយព្រមានថា កម្មវិធីនេះមានការការពារសំខាន់ៗ ប្រឆាំងនឹងវិធីសាស្ត្រវាយប្រហារតាមអ៊ីនធឺណិតដែលគេស្គាល់ថា DarkSword។
ក្រុមហ៊ុន Apple បានបន្តថា នេះធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើន ដែលមានការអាប់ដេតដោយស្វ័យប្រវត្តិ ត្រូវបានបើកឲ្យទទួលបានការការពារពីអ្វី ដែលខ្លួនពិពណ៌នាថា ជាការវាយប្រហារតាមអ៊ីនធើណេត។ ឧបករណ៍វាយប្រហារ DarkSword ត្រូវបានកំណត់អត្តសញ្ញាណដំបូងឆ្នាំ ២០២៥ ត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅ ឧបករណ៍ Apple ដែលងាយរងគ្រោះ និងដំឡើងកម្មវិធីព្យាបាទដោយសម្ងាត់។
អ្នកស្រាវជ្រាវសន្តិសុខបាននិយាយថា ការវាយប្រហារនេះត្រូវបានបង្កឡើង នៅពេលដែលអ្នកប្រើប្រាស់ចូលមើលគេហទំព័រ ស្របច្បាប់ដែលត្រូវបានឆ្លងមេរោគ ដោយសម្ងាត់ជាមួយនឹងកូដព្យាបាទ ដែលជាយុទ្ធសាស្ត្រដែលគេស្គាល់ថាជា ‘ការវាយប្រហាររន្ធទឹក’។
នៅពេលដែលបានធ្វើឲ្យសកម្ម មេរោគអាចដំឡើងទ្វារក្រោយដែលលាក់ទុកដែលអនុញ្ញាតឲ្យពួក Hacker រក្សាការចូលប្រើឧបករណ៍រយៈពេលវែង និងលួចព័ត៌មានរសើប។
អ្នកជំនាញបានព្រមានថា ឧបករណ៍ hacking កំណែថ្មីជាងនេះ បានលេចធ្លាយតាមអ៊ីនធើណេត ដែលបង្កើនការភ័យខ្លាចថា ក្រុមឧក្រិដ្ឋជនតាមអ៊ីនធើណេត បន្ថែមអាចចាប់ផ្តើមប្រើប្រាស់វា ក្នុងការវាយប្រហារកាន់តែទូលំទូលាយ៕
