កីឡា

លោក ខូវ ឆាយ អញ្ជើញចូលរួមពិធីបើក វគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំបើកវគ្គបំប៉ន សមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យ កីឡាប្រដាល់គុនខ្មែរ ដោយមានការអញ្ជើញក្រោមអធិបតីភាពលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក មុល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុន លោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន និងសិក្ខាកាមជាច្រើនរូបទៀត នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា។

លោក និន វ៉ាន់ដា អគ្គលេខាធិការស្តីទី និងជាប្រធានគ្រប់គ្រងវគ្គ បានបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យកីឡាប្រដាល់គុនខ្មែរ មានសិក្ខាមចូលរួមចំនួន៣២នាក់ ដែលជាស្នងការ គណៈវិនិច្ឆ័យ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមតាមក្រុមទាំង៦ និងក្រុមថ្នាល៣ វគ្គនេះរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព សម្រាប់ដឹកនាំការប្រកួតឱ្យទទួលបានជោគជ័យ និងមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការបច្ចេកទេស លេខាធិការដ្ឋាន អនុគណៈកម្មការហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលវគ្គដ៏មានសារសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ ក្នុងការចូលរួមចំណែក ដោយការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិជ្ជាជីវៈ ប្រកបដោយ គុណភាព ប្រសិទ្ធិភាព ភាពយុត្តិធម៌ ក្នុងនាមជាអ្នកដឹកនាំគ្រប់គ្រង ការប្រកួតឲ្យមានលក្ខណៈស្តង់ដាច្បាស់លាស់ ស្របទៅតាមគោលការណ៍កីឡាជាតិ និងអន្តរជាតិ។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្តថា កន្លងមកទាំងថ្នាក់ដឹកនាំសហព័ន្ធ សមាជិកប្រតិបត្តិ អនុគណៈកម្មការជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម បណ្តាសមាគម ក្លិប កីឡាករ កីឡាការិនី គ្រូបង្វឹកបានខិតខំខ្លាំងណាស់ ដើម្បីអភិរក្ស និងអភិវឌ្ឍប្រដាល់គុនខ្មែរ ដែលមិនត្រឹមតែជាកីឡាមួយប៉ុណ្ណោះទេ គឺជាបេតិកភណ្ឌវប្បធម៌ ដ៏គួរឱ្យមោទនភាព ដែលឆ្លុះបញ្ចាំងពីវិន័យ ភាពក្លាហាន ការគោរព សាមគ្គីភាព និងអត្តសញ្ញាណរបស់ជាតិ ។ ប៉ុន្តែទោះជាខិតខំរបស់យើងទាំងអស់ គ្នាយ៉ាងណាក៏ដោយក៏នៅ មានចំណុចមួយចំនួនតម្រូវចាំបាច់ឱ្យយើខិតខំបន្ថែមទៀតផងដែរ ដូច្នេះហើយទើបសហព័ន្ធរៀបចំវគ្គបំប៉ននេះឡើង៕

Most Popular

To Top