ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងអប់រំទទួលបន្ទុកកីឡា និងអគ្គនាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះបាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងពិធីចម្រើនព្រះបរិត្តអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំថ្វាយព្រះពរជ័យ លើករាសី និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះនៅវិមាន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានកីឡា នៅស្តីការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតី ក្នុងពិធីចម្រើនព្រះបរិត្តអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០នឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ ចំនួន ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាឧទ្ទិសកុសលផលបុណ្យ ជូនដល់អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋាន ដែលបានទទួលមរណកាលទៅ។

សូមទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី បុត្រីទីបីកបិលមហាព្រហ្ម ជួយប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ កើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យមានសុខភាពល្អ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន បញ្ញាភ្លឺថ្លា អាយុយឺនយូរ គ្រប់ក្រុមគ្រួសារ ដើម្បីចូលរួមបម្រើលើវិស័យការងារ និងកីឡាឲ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕





