ប្រែសម្រួល៖ របាយការណ៍តួរលេខរបស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា ប្រជាជនស៊ីរីជាង ៨៣០.០០០ នាក់ បានបង្ខំចិត្តរត់ភៀសខ្លួន ចេញពីតំបន់ភាគពាយព្យនៃប្រទេស គិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ មក នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា ជនភៀសខ្លួន បានកើនឡើងដល់ចំនួន ៨៣០.០០០ នាក់ ដោយរួមបញ្ចូលទាំងមនុស្សចំនួន ១៤៣.០០០ នាក់កាលពី៣ថ្ងៃមុនផង ដោយសារតែការប្រយុទ្ធគ្នាកំពុងតែប្រព្រឹត្តទៅ នៅទីតាំងទីក្រុង Idlib និងទីក្រុងអាឡេប៉ូ គិតចាប់តាំងពីខែធ្នូមក។
គួរបញ្ជាក់ថា ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា គិតចាប់តំាងពីខែធ្នូ មកទល់ត្រឹមថ្ងៃពុធសប្ដាហ៍នេះ ចំនួនជនភៀសខ្លួន បានកើនដល់ចំនួន ៨០០.០០០នាក់ ៕ ប្រែសម្រួល៖ប៉ាង កុង