ភ្នំពេញ៖នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានអញ្ជើញជា អធិបតីភាព បិទវគ្គបំប៉នសមត្ថភាព ស្នងការប្រកួត និងគណៈវិនិច្ឆ័យកីឡាប្រដាល់គុនខ្មែរ នៅសាលប្រជុំនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា (ស្តាតអូឡាំពិក) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាប្រដាល់គុន លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ ព្រឹត្តការណ៍និងស្ថិតិកីឡា និង ជាអនុប្រធានសហព័ន្ធ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡា ជំនាញនិងកីឡាមហាជន និងសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន និងសិក្ខាកាមជាច្រើនរូបទៀត។

លោក និន វ៉ាន់ដា អគ្គលេខាធិការ ស្តីទី និងជាប្រធានគ្រប់គ្រងវគ្គ បានបញ្ជាក់ថា វគ្គបំប៉ននេះមានសិក្ខាម ចូលរួមចំនួន៣២នាក់ ដែលជាស្នងការ គណៈវិនិច្ឆ័យ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមតាមក្រុមទាំង៦ និងក្រុមថ្នាល៣ ដែលមានគោលបំណងគឺ ដើម្បីពង្រឹងសមត្ថភាព សម្រាប់ដឹកនាំការប្រកួតឱ្យទទួលបានជោគជ័យ និងមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ក្រោយពីបញ្ចប់វគ្គបំប៉នរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦សិក្ខាកាមជាលទ្ធផល៖ និទ្ទេសល្អ ១៥% និទ្ទេសល្អបង្គួរ២០% និងនិទ្ទេសមធ្យម៦០%។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មកាគ្រប់ផ្នែក ពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ខិតខំប្រឹងប្រែងរៀបចំវគ្គ បណ្តុះបណ្តាលវគ្គដ៏ មានសារៈសំខាន់ប្រកបទៅដោយជោកជ័យ និងរលូននាពេលនេះ ។ លោកប្រធានសហព័ន្ធក៏បានធ្វើការថ្លែង អំណរអរគុណដល់ ក្រសួងអប់រំ យុវជន និងកីឡាដែលតែងតែឧបត្ថមគាំទ្រ មកដល់សហព័ន្ធ ក្នុងនោះដែរឯកឧត្តមនបាន លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់វគ្គបំប៉ន ដ៏មានសារៈសំខាន់ត្រូវយកចំណេះ ជំនាញថ្មីៗដែលបានសិក្សាយកទៅ ប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ជាពិសេសដើម្បីលើកកម្ពស់ គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ៕







