អាមេរិក៖នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg បាននិយាយថា ទូរសព្ទ iPhone បត់បានដំបូងរបស់ក្រុមហ៊ុន Apple នៅតែស្ថិតក្នុងដំណើរការសម្រាប់ការចេញលក់នៅខែកញ្ញា រួមជាមួយនឹងម៉ូដែលលំដាប់កំពូលបន្ទាប់របស់ខ្លួន ទោះបីជាមានរបាយការណ៍ពីមុនអំពីការពន្យារពេលទាក់ទង នឹងបញ្ហាប្រឈមផ្នែកវិស្វកម្មក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ប្រភពស្គាល់ពីបញ្ហានេះបានប្រាប់ Bloomberg ថា ឧបករណ៍នេះត្រូវបានគេគ្រោងនឹងចេញលក់ជាមួយ iPhone 18 Pro និង Pro Max ក្នុងអំឡុងពេលព្រឹត្តិការណ៍ចេញលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple។ ការអាប់ដេតនេះផ្ទុយស្រឡះ ពីរបាយការណ៍មុនរបស់ Nikkei Asia បានដកស្រង់សម្តីអ្នកជំនាញម្នាក់ដែលនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះបានប្រឈមមុខនឹង បញ្ហាវិស្វកម្មដែលអាចពន្យារពេលការចេញលក់។
ក្រុមហ៊ុន Apple បានណែនាំម៉ូដែល iPhone ថ្មីចំនួនបួនក្នុងព្រឹត្តិការណ៍ខែកញ្ញារបស់ខ្លួនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២០ ពង្រឹងការរំពឹងទុកថា ឧបករណ៍បត់បាននេះនឹងធ្វើតាមកាលវិភាគដូចគ្នា។
នេះបើយោងតាម CNBC បានចេញផ្សាយថា បន្ទាប់ពីរបាយការណ៍របស់ Bloomberg ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកាត់បន្ថយការខាតបង់ពីមុន ដោយជួញដូរធ្លាក់ចុះប្រហែល ២ភាគរយ បន្ទាប់ពីធ្លាក់ចុះរហូតដល់ ៥ ភាគរយ កាលពីដើមវគ្គ ។
ទូរសព្ទ iPhone អាចបត់បាន គឺជាផ្នែកមួយនៃផែនការ រយៈពេលបីឆ្នាំដ៏ទូលំទូលាយមួយ ដើម្បីរចនាឧបករណ៍ លំដាប់កំពូលរបស់ក្រុមហ៊ុន Apple ឡើងវិញ។ ក្រុមហ៊ុនបានចាប់ផ្តើមការផ្លាស់ប្តូរទ្រង់ទ្រាយកាលពីឆ្នាំមុន ជាមួយនឹងម៉ូដែល Pro និង Pro Max បានអាប់ដេត និងម៉ូដែលស្ដើងជាងមុនមួយហៅថា iPhone Air ។ ការរចនាឡើងវិញដ៏សំខាន់មួយទៀត ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៧ ដើម្បីប្រារព្ធខួបលើកទី ២០ របស់ iPhone៕
