ភ្នំពេញ ៖ កម្ពុជាត្រៀមត្រៀមបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូបចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើង ឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់តាមអនឡាញឲ្យដឹងថា កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូបដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី៦ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា សម្រាប់កីឡា ៤ ប្រភេទដែលកម្ពុជាបញ្ជូនចូលរួមដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២រូប។
ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)។

ទីក្រុងសាន់យ៉ាត្រូវបានគេដាក់រហ័សនាមថា ជាឋានសួគ៌ត្រូពិចនៃកោះហៃណាន បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អត្តពលិកចំនួន ៣,៧៩៨នាក់មកពី ៤៥ ប្រទេស ។ បន្ទាប់ពីការពន្យារពេលដោយសារតែជំងឺរាតត្បាតសកល ការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ តំណាងឲ្យការងើបឡើងវិញយ៉ាងខ្លាំង ជាមួយនឹងកីឡាឆ្នេរខ្សាច់គួរឲ្យរំភើបចំនួន១៤ប្រភេទកីឡា៕
