ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សន្យាថា នឹងបង្ហាញសន្លឹកបៀរថ្មីនៅលើសមរភូមិ ព្រោះខ្លួនចំណាយពេល ពីរសប្តាហ៍មកហើយ ដើម្បីរៀបចំជម្រើសយោធាថ្មី

បរទេស៖ មន្ត្រីអ៊ីរ៉ង់បានបញ្ចេញវោហាសាស្រ្តរឹងទទឹងមុនពេលកិច្ចចរចាជុំថ្មីដែលអាចកើតមានជាមួយទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួច ជាស្រេចដើម្បី “បង្ហាញសន្លឹកបៀថ្មីនៅលើសមរភូមិ” ខណៈដែលអីរ៉ង់ក៏បានបដិសេធ ការចរចាណាមួយដែលបានធ្វើឡើង “ក្រោមស្រមោលនៃការគំរាមកំហែង”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានចោទប្រធានាធិបតី អាមេរិកលោក Donald Trump ថា បានព្យាយាមប្រែក្លាយការចរចាទៅជា “តុចុះចាញ់” ហើយបាននិយាយថា អ៊ីរ៉ង់បានចំណាយពេល ពីរសប្តាហ៍កន្លងមកនេះដើម្បីរៀបចំជម្រើសយោធាថ្មី។

លោក Ghalibaf បានសរសេរនៅលើ X ថា “លោក Trump ដោយដាក់ការឡោមព័ទ្ធ និងរំលោភលើបទឈប់បាញ់ កំពុងស្វែងរកការប្រែក្លាយតុចរចានេះ – នៅក្នុងការស្រមើលស្រមៃរបស់គាត់ – ទៅជាតុចុះចាញ់ ឬដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើសង្គ្រាមឡើងវិញ។ យើងមិនទទួលយកការចរចា ក្រោមស្រមោលនៃការគំរាមកំហែងនោះទេ ហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានរៀបចំរួចជាស្រេច ដើម្បីបង្ហាញសន្លឹកបៀថ្មីនៅលើសមរភូមិ”។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា អាកប្បកិរិយា “មិនស្ថាបនា និងផ្ទុយគ្នា” របស់មន្ត្រីអាមេរិក បានផ្ញើសារថាទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការចុះចាញ់របស់អ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីរ៉ង់ “នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top