សាន់ហ្វ្រាន់ស៊ីស្កូ ៖ក្រុមហ៊ុន Apple បាននិយាយ កាលពីថ្ងៃចន្ទថា លោក Tim Cook ជានាយកប្រតិបត្តិនឹងក្លាយ ជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខណៈលោក John Ternus អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម ផ្នែករឹងរបស់ក្រុមហ៊ុន Apple នឹងក្លាយជានាយកប្រតិបត្តិបន្ទាប់របស់ក្រុមហ៊ុន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។
នេះបើយោងតាមក្រុមហ៊ុន Apple បានបន្តថា ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួន និងបានអនុវត្តតាមដំណើរការរៀបចំផែនការ បន្តវេនរយៈពេលវែង។ លោក Cook នឹងនៅតែជានាយក ប្រតិបត្តិពេញមួយរដូវក្តៅ ហើយធ្វើការយ៉ាង ជិតស្និទ្ធជាមួយលោក Ternus ដើម្បីធានាបាននូវការផ្ទេរ តំណែងដោយរលូន
សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រុមហ៊ុន លោក Cook បាននិយាយថា វាជាឯកសិទ្ធិដ៏អស្ចារ្យបំផុត នៃជីវិតរបស់គាត់ក្នុងការធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយបានពណ៌នាអំពីលោក Ternus ថា ជា មនុស្សត្រឹមត្រូវដើម្បីដឹកនាំ ក្រុមហ៊ុន Apple ទៅកាន់អនាគត។ លោក Ternus បាននិយាយថា លោកដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះឱកាស ដើម្បីអនុវត្តបេសកកម្មរបស់ក្រុមហ៊ុន Apple ទៅមុខ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា លោក Cook បានចូលរួម ជាមួយក្រុមហ៊ុន Apple ក្នុងឆ្នាំ១៩៩៨ ហើយបានក្លាយជា នាយកប្រតិបត្តិ ក្នុងឆ្នាំ ២០១១ ។ ក្រោមការដឹកនាំរបស់លោក មូលធននីយកម្មទីផ្សារ របស់ក្រុមហ៊ុនបានកើនឡើង ពីប្រហែល ៣៥០ ពាន់លានដុល្លារ ដល់ ៤ ពាន់ពាន់លានដុល្លារ ខណៈប្រាក់ចំណូលប្រចាំឆ្នាំបានកើនឡើងពី ១០៨ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០១១ ដល់ជាង ៤១៦ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥៕
