បាងកក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រាជធានីបាងកករបស់ប្រទេសថៃ បានជួបប្រទះនឹងកម្រិតសន្ទស្សន៍ កម្ដៅដ៏គ្រោះថ្នាក់រយៈពេល ១៩ ថ្ងៃជាប់ៗគ្នា ដោយសីតុណ្ហភាព និងសំណើមខ្ពស់ខ្លាំង បានជំរុញឲ្យលក្ខខណ្ឌចូលទៅក្នុងតំបន់មានហានិភ័យខ្ពស់ សម្រាប់សុខភាពសាធារណៈ។
រដ្ឋបាលទីក្រុងបាងកក (BMA) បានរាយការណ៍ថា សន្ទស្សន៍កម្ដៅនៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ពី ៤២ ទៅ ៥១.៩ អង្សាសេចាប់តាំងពីថ្ងៃទី ១ ខែមេសា។ មិនដូចការអានសីតុណ្ហភាពស្តង់ដារទេ សន្ទស្សន៍កំដៅឆ្លុះបញ្ចាំងពីកម្ដៅជាក់ស្តែង ដោយគិតគូរពីសំណើម។
មន្ត្រីបានព្រមានប្រជាជនឲ្យកំណត់ការប៉ះ ពាល់ខាងក្រៅរយៈពេលយូរ និងត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញាដូចជា អស់កម្លាំង វិលមុខ កន្ទួល រមួលសាច់ដុំ និងគ្រុនក្តៅខ្លាំង ជាពិសេសក្នុងអំឡុងពេលរសៀល។ ក្រុមងាយរងគ្រោះត្រូវបាន ណែនាំឱ្យស្វែងរកការ ព្យាបាលភ្លាមៗ ប្រសិនបើពួកគេមានសញ្ញានៃជំងឺ។
ទន្ទឹមនឹងនេះ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ពីព្យុះរដូវក្តៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា នាំមកនូវខ្យល់បក់ខ្លាំង ព្រឹលធ្លាក់ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង ភាគឦសាន និងភាគខាងកើតនៃប្រទេស។
អាកាសធាតុក្តៅត្រូវបានគេរំពឹងថា នឹងបន្តកើតមានក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ដោយព្យុះផ្គររន្ទះត្រូវបាន គេព្យាករណ៍ថានឹងប៉ះពាល់ដល់ ១០-៣០ ភាគរយនៃតំបន់។ សីតុណ្ហភាពអាចឡើងដល់ ៣៩ អង្សាសេនៅក្នុងរដ្ឋធានី និងរហូតដល់ ៤២ អង្សាសេនៅភាគខាងជើង និងភាគឦសាន។
ព្យុះផ្គររន្ទះអាចនឹងថយចុះ មួយរយៈខ្លីនៅថ្ងៃទី ២១-២២ ខែមេសា មុនពេលកាន់តែខ្លាំងឡើងម្តងទៀត ដោយសារប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនផ្លាស់ទីទៅភាគខាងត្បូង។ ប្រជាពលរដ្ឋត្រូវបានណែ នាំឲ្យជៀសវាងតំបន់បើកចំហ ដើមឈើធំៗ និងរចនាសម្ព័ន្ធមិនស្ថិតស្ថេរក្នុងអំឡុងពេលព្យុះ ខណៈនាវិកត្រូវបានជំរុញ ឲ្យនៅលើច្រាំង ព្រោះរលកអាចលើសពី ២ ម៉ែត្រ៕
