បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីការស៊ើបអង្កេត របស់ Bloomberg Businessweek បានឱ្យដឹងថា មហាសេដ្ឋីជនជាតិ អ៊ុយក្រែនលោក Rinat Akhmetov ដែលជាបុរសមាន បំផុតរបស់ប្រទេស ត្រូវបានគេរាយការណ៍ថា បានបំបែកកំណត់ ត្រាពិភពលោក សម្រាប់ប្រតិបត្តិការ អចលនទ្រព្យលំនៅដ្ឋានថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រមួយកន្លែង។
ទោះបីជាកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញ ជាសាធារណៈក៏ដោយក៏ប្រភពនេះបានដកស្រង់ ឯកសារឯកជនដែលបង្ហាញថា លោក Akhmetov បានចំណាយលុយដ៏ច្រើនទិញអាផាតមិនកំពស់៥ជាន់មួយនៅទីក្រុង Monaco ក្នុងតម្លៃ ប្រមាណជា៥៥៤លានដុល្លារ។
អគារអាផាតមិនដែលមានចំនួន២១បន្ទប់ទំហំ២៥០០ម៉ែត្រការ៉េ ជាអចលនទ្រព្យនៅជាប់មាត់ទឹក ដែលមានអាងហែលទឹកឯកជន អាងហែលទឹករួមធំ និងចំណតរថយន្តយ៉ាងតិច៨កន្លែង ស្ថិតនៅក្នុងអគារ Le Renzo ក្នុងសង្កាត់ Mareterra ដែលទើបសាងសង់ថ្មី ។ ការលក់នេះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងតាំងតែពីឆ្នាំ២០២៤មកម្ល៉េះ ។
ក្រុមហ៊ុនគ្រប់គ្រងរបស់លោក Akhmetov គឺ System Capital Management (SCM) បានបញ្ជាក់ថា ខ្លួនបានធ្វើការវិនិយោគនៅក្នុងគម្រោង “Le Renzo” ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីអចលនទ្រព្យ ឬតម្លៃរបស់វានោះទេ។
តម្លៃនេះត្រូវបានគេរាយការណ៍ថា បានបំបែកកំណត់ត្រាពីមុន ដែលលើសពីការលក់វិមាន Chelsea របស់អ្នកអភិវឌ្ឍន៍ Nick Candy ក្នុងតម្លៃជាង៣៥០លានដុល្លារ និងផ្ទះជួលនៅញូវយ៉ក២៤០លានដុល្លារ ដែលទិញដោយអ្នកគ្រប់គ្រង មូលនិធិការពារហានិភ័យ Ken Griffin ៕
ប្រែសម្រួល៖ស៊ុនលី
