កីឡា

លោក ហួត សេងទ្រី បាននាំយកអំណោយ ឧបត្ថម្ភដល់សាលាបឋមសិក្សាសែនតេជះ នៅតំបន់ព្រំដែនមុំបី ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ នេះជាកិច្ចការដែលបង្ហាញ ពីសកម្មភាពដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ នៅតាមបណ្តោយព្រំដែន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៃក្រសួងអប់រំ យុវជន និងកីឡារួមជាមួយក្រុមការងារ បាននាំយកថវិកា និងសម្ភារៈឧបត្ថម្ភសំខាន់ៗ ទៅប្រគល់ ជូនសាលាបឋមសិក្សាសែនតេជះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា បេសកកម្មចុះជួយ ដោយផ្ទាល់នេះបានឆ្លុះបញ្ចាំងឲ្យឃើញ ពីស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការស្នេហាជាតិរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាព និងសាលារៀននៅតាមបណ្តោយព្រំដែន តំបន់មុំបី ។

លោក ហួត សេងទ្រី និងក្រុមការងារបាននាំនូវអំណោយដែលបានឧបត្ថម្ភរួមមាន៖ថវិកាចំនួន ៣,០០០,០០០ រៀល សម្រាប់ចាក់ដី បំពេញទីធ្លាសាលា ដែលតែងតែរងការលិចទឹក និងរៀបចំទីតាំងសម្រាប់សាងសង់ អគារសិក្សាថ្មី នាពេលខាងមុខ ។ កុំព្យូទ័រយួរដៃ (Laptop) ម៉ាក DELL ចំនួន ១ គ្រឿង៖ ដើម្បីសម្រួលដល់ការងាររដ្ឋបាល និងការបង្រៀនឲ្យកាន់តែទំនើប។ ម៉ាស៊ីនព្រីនធឺ និងកូពីពណ៌ ម៉ាក EPSON ចំនួន ១ គ្រឿងសម្រាប់ផលិតសម្ភាររៀន និងបង្រៀន និង សម្រាប់បម្រើការងារឯកសារក្នុងសាលា។ សម្ភារក្មេងលេង ចំនួន ២៨៨ ឈុត៖ ដើម្បីផ្តល់ភាព សប្បាយរីករាយ និងការលូតលាស់ផ្នែកបញ្ញាស្មារតីដល់កុមារ និងអាវកីឡា ចំនួន ៨ ឈុត៖ ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីលើកទឹកចិត្ត និងប្រើប្រាស់ក្នុងសកម្មភាពអប់រំកាយ ។

ចំពោះលោក អ៊ុក ចន នាយកសាលាបឋមសិក្សាសែនតេជះ បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារ ដែលតែងតែនៅក្បែរ និងមិនបោះបង់សាលារៀននៅតំបន់ព្រំដែនចោល។ លោកបានចាត់ទុកថា សកម្មភាពនេះគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។

គួររំលឹកផងដែរថា នេះជាគោលនយោបាយចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអប់រំ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ លោក ប៉ុន សុខអគ្គនាយកកីឡា ។ បន្ថែមលើសពីនេះ លោក ហួត សេងទ្រី បានបំពេញបេសកកម្មជាដំបូងប៉ុណ្ណោះទេ ខណៈថ្នាក់ដឹកនាំបានសន្យាថា នឹងនាំយកសម្ភារៈចាំបាច់មួយចំនួនទៀត មកប្រគល់ ជូននៅពេលក្រោយបន្ថែមទៀត លោក ហួត សេងទ្រី ដែលដឹកនាំក្នុងបេសកកម្មនេះនឹងបន្តគាំទ្រ ដល់ការបណ្តុះបណ្តាលធនធានមនុស្ស នៅតាមបន្ទាត់ព្រំដែន ឱ្យកាន់តែរឹងមាំប្តេជ្ញានឹងបន្តសកម្មភាពនេះ នៅលើកក្រោយៗទៀត ៕

Most Popular

To Top