កីឡា

ទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All” ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All” ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” ដែលរៀបចំដោយនាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជនសហការជាមួយដឹកនាំ ខេត្តស្ទឹងត្រែង មានចូលរួម ១២៣៦៨ នាក់មកពីមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរ អង្គភាពជុំវិញខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការ សមាគម យុវជន លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស និងប្រជាពលរដ្ឋក្រុងស្ទឹងត្រែង ។

ក្នុងឱកាសពិធីបើកទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All” ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ នៅទីលានតេជោ-ធិបតី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី លោក សរ សុពុត្រា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អគ្គកុងស៊ុលឡាវ និងសហការី និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោក ប៉ែន វុទ្ធី បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៅបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២៦ និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង និងមានការគាំទ្រពីរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅលើទឹកដីខេត្តស្ទឹងត្រែងនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកលើកស្ទយសេដ្ឋកិច្ចគ្រួសារ សហគម និងអភិវឌ្ឍសង្គមជាតិ ។

ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា(Sport for All) ឆ្នាំ២០២៦ នៅលើទឹកដីខេត្តស្ទឹងត្រែង នាពេលនេះកំណត់
ប្រភេទកីឡា លក្ខណៈបច្ចេកទេស រួមមានកីឡាជិះកង់ចម្ងាយ១០គ.ម បុរស-នារី រត់ចម្ងាយ៣គ.មនារី រត់ចម្ងាយ៥គ.ម បុរស កីឡាទាញព្រ័ត្រ បុរស-នារី ហាត់ប្រាណតាមចង្វាក់ភ្លេង បុរស-នារី កីឡាអុកចត្រង្គ និង ការសម្ដែងល្បែងកីឡាវាយខែល។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា យោងតាមប្រវត្តិកីឡាសម្រាប់ទាំងអស់គ្នា គឺកើតមានឡើងនៅឆ្នាំ១៩៦០ នៅប្រទេសផ្នែកអឺរ៉ុបខាងកើត។ កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីសម្រាប់មហាជនទូទៅនៅក្នុងសង្គម គ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់សុខភាព សុខុមាលភាព និងឈានទៅអភិវឌ្ឍវស័យកីឡាជាតិ។ ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នានេះ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២៦ របស់នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងការអនុញ្ញាត ជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា ការរៀបចំទិវាកីឡា សម្រាប់ទាំងអស់គ្នាឆ្នាំនេះ ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” ដើម្បីជាការផ្តល់ឱកាសដល់លោក លោកស្រី មន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ សុខភាពល្អ មិត្តភាព សាមគ្គីភាព។ សកម្មភាពលេងកីឡាធ្វើឲ្យមនុស្សគ្រប់រូបមានសុខភាពល្អ រូបរាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា ស្មារតីរឹងមាំ ប្រាជ្ញាវាងវៃ ដោយបានបញ្ចេញជាតិពុលពីក្នុងខ្លួន កាត់បន្ថយភាពស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ទប់ស្កាត់ជំងឺផ្សេងៗ និងបានកាត់បន្ថយថ្លៃព្យាបាល ជំងឺទៀតផង៕

Most Popular

To Top