ខេត្តស្ទឹងត្រែង ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំទិវាកីឡា សម្រាប់ទាំងអស់គ្នាឆ្នាំនេះ ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” ដើម្បីជាការផ្តល់ ឱកាសដល់លោក លោកស្រី មន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង បានចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ សុខភាពល្អ មិត្តភាព សាមគ្គីភាព ។

លោកបានលើកឡើង ក្នុងឱកាសពិធីបើកទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All” ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “កីឡាជាសេវាលើកស្ទួយសុខភាព” នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ នៅទីលានតេជោ-ធិបតី ដោយមានការអញ្ជើញ លោក សរ សុពុត្រា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អគ្គកុងស៊ុលឡាវ និងសហការី និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោករដ្ឋលេខាធិការ បានបន្តថា យោងតាមប្រវត្តិកីឡាសម្រាប់ទាំងអស់គ្នា គឺកើតមានឡើងនៅឆ្នាំ១៩៦០ នៅប្រទេសផ្នែកអឺរ៉ុបខាងកើត។ កីឡាសម្រាប់ទាំងអស់គ្នាជាកម្មវិធីសម្រាប់មហាជនទូទៅនៅក្នុងសង្គម គ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់សុខភាព សុខុមាលភាព និងឈានទៅអភិវឌ្ឍវស័យកីឡាជាតិ។
សកម្មភាពលេងកីឡា ធ្វើឲ្យមនុស្សគ្រប់រូបមានសុខភាពល្អ រូបរាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា ស្មារតីរឹងមាំ ប្រាជ្ញាវាងវៃ ដោយបានបញ្ចេញជាតិ ពុលពីក្នុងខ្លួន កាត់បន្ថយភាពស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ទប់ស្កាត់ជំងឺផ្សេងៗ និងបានកាត់បន្ថយថ្លៃព្យាបាល ជំងឺទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០៣១ និងបានយកចិត្តទុកដាក់ បណ្តុះបណ្តាល ពង្រឹងសមត្ថភាពកីឡាករ គ្រប់កម្រិត ជាពិសេសថ្នាល យុវជនវ័យក្មេង អាយុក្រោម១២ ទៅ១៥ឆ្នាំឲ្យមានសមត្ថភាពខ្ពស់ ត្រៀមចូលរួមប្រកួត ដណ្តើមមេដាយឱ្យបានច្រើន ដើម្បីលើកស្ទួយកិត្តិយសប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងធ្វើកំណែទម្រង់លើអនុវិស័យអប់រំកាយ និងកីឡា ក្នុងនោះសកម្មភាពអប់រំកាយ និងកីឡា ទាំងក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា ការបណ្តុះបណ្តាលធនធាមមនុស្សកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ការរៀបចំការប្រកួត ការពង្រឹងសហព័ន្ធកីឡាជាតិ កែលម្អរហេដ្ឋារចនាសម្ព័ន្ធកីឡា បំផុសផ្សព្វផ្សាយឲ្យប្រជាជនហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានកាយសម្បទាមាំមួន សុខភាពល្អ ស្មារតីរឹងមាំ មានចំណេះជំនាញ មានសមត្ថភាពចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ ពីប្រទេសកំពុងអភិវឌ្ឍទៅប្រទេសអភីវឌ្ឍន៍ ពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថាក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវលោក លោកស្រី លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមហ៊ុនឯកជន សហគមន៍ បន្តយកចិត្តទុកដាក់រៀបចំ កែលម្អ ជួសជុលទីធ្លា សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់បម្រើឲ្យប្រជាជនហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងសម្រាប់ហ្វឹកហាត់ ប្រកួតកីឡានានា៕



