ខេត្តព្រះវិហារ ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកីឡា ដឹកនាំដោយលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ព្រមទាំងក្រុមការងារ បានចុះទៅសាលាបឋមសិក្សា ទួលឈើក្រម ស្ថិតនៅភូមិអានសេះ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាសាលាចងសម្ព័ន្ធមេត្រីភាព ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានប្រាប់ឲ្យដឹងថា បេសកកម្ម ចុះជួយដោយផ្ទាល់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតី ទទួលខុសត្រូវខ្ពស់ និងមនសិការស្នេហាជាតិរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាព និងសាលារៀននៅតាមបណ្តោយព្រំដែន តំបន់មុំបី ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ព្រមទាំងក្រុមការងារ បាននាំនូវអំណោយដែលបានឧបត្ថម្ភរួមមាន សម្ភារៈ និងសៀវភៅសិក្សាជាច្រើនទៅប្រគល់ជូនសាលាបឋមសិក្សាទួលឈើក្រម រួមមាន៖ កុំព្យូទ័រយួរដៃ ១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១គ្រឿង សៀវភៅកម្មវិធីសិក្សាអប់រំកាយ ថ្នាក់ទី១ ដល់ទី៦ ចំនួន ៤ឈុត (សរុប ២៤ក្បាល) និងសៀវភៅមុខវិជ្ជាផ្សេងៗ ដូចជា ភាសាខ្មែរ វិទ្យាសាស្រ្ត គណិតវិទ្យា ជាដើម ចំនួន ៥០ក្បាល ព្រមទាំងចុះពិនិត្យមើលការឈួសឆាយ និងពង្រាបដី ដើម្បីរៀបចំទីលានកីឡាបាល់ទាត់។

គួររំលឹកផងដែរថា នេះជាគោលនយោបាយចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអប់រំ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ លោក ប៉ុន សុខអគ្គនាយកកីឡា ។ បន្ថែមលើសពីនេះ លោក ហួត សេងទ្រី បានបំពេញ បេសកកម្មជាដំបូងប៉ុណ្ណោះទេ ខណៈថ្នាក់ដឹកនាំបានសន្យាថា នឹងនាំយកសម្ភារៈចាំបាច់មួយចំនួនទៀត មកប្រគល់ ជូននៅពេលក្រោយបន្ថែមទៀត លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ដែលដឹកនាំក្នុង បេសកកម្មនេះនឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅតាមបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំប្តេជ្ញានឹងបន្តសកម្មភាពនេះនៅលើកក្រោយៗទៀត៕
