កីឡា

លោក ហួត សេងទ្រី ៖ អត្តពលិកមានសិទ្ធិពេញលេញ ចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ ២០២៦ ត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ និងមិនលើស ២៥ឆ្នាំ

ភ្នំពេញ៖លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងតាមអនឡាញថា កីឡាករ-កីឡាការិនី ដែលមានសិទ្ធិពេញលេញ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ ២០២៦ ត្រូវមានអាយុតិចបំផុត ១៨ឆ្នាំ និងមិន លើស ២៥ឆ្នាំ ដែលមានឆ្នាំកំណើតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០១ មិនគិតថ្ងៃខែឡើយ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានអំពាវនាវ ដល់សហព័ន្ធកីឡាជាតិទំាង ១២ និងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និង ឯកជនទាំងអស់មានសិទ្ធិចុះឈ្មោះកីឡាករ-កីឡាការិនីតំណាងឲ្យគ្រឹះស្ថានសិក្សារបស់ខ្លួន មកចូលរួមការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ ២០២៦ តាមចំនួននិយាមកំណត់ ក្នុងបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានីមួយៗ ។

កីឡាករ-កីឡាការិនីត្រូវតែជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ (មិនមែនវគ្គខ្លី) នៅគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជនដែលមានអាយុតិចបំផុត ១៨ឆ្នាំ និងមិន លើស ២៥ឆ្នាំ មានឆ្នាំកំណើតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០១ ដោយនាពេលថ្មីៗនេះមានសហព័ន្ធកីឡាជាតិមួយចំនួនបានប្រាប់កីឡាករ-កីឡាការិនីខុសនឹងការកំណត់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា គឺកីឡាករ-កីឡាការិនីមានអាយុមានអាយុតិចបំផុត ១៨ ឆ្នាំ និងមិនលើស ២៧ ឆ្នាំទៅវិញ។

លោក ហួត សេងទ្រី បានបញ្ជាក់ កីឡាករ-កីឡាការិនីត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព (ច្បាប់ដើម) និងប័ណ្ណសម្គាល់ខ្លួនជានិស្សិត ឬ វិញ្ញាបនបត្ររដ្ឋបាល ដែលមានបិតរូបថត ចេញដោយសាមីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស។ កីឡាករ-កីឡាការិនីជម្រើសជាតិក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតមិនលើស ២ នាក់ក្នុងមួយប្រភេទកីឡា ដូច្នេះសហព័ន្ធកីឡាជាតិទំាង ១២ ត្រូវគោរពតាមបទបញ្ជតិ្តទូទៅរបស់គណៈកម្មការរៀបចំការប្រកួត៕

Most Popular

To Top