បច្ចេកវិទ្យា

បំណែកគ្រាប់អុក Viking ធ្វើពីកញ្ចក់មានអាយុកាល ១២០០ ឆ្នាំត្រូវរកឃើញនៅ លើកោះនៅ នាយឆ្នេរនៃចក្រភពអង់គ្លេស

អង់គ្លេស៖ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមបានរកឃើញបំណែកល្បែកក្តារ “អុកបុរាណ”ដ៏កម្រមួយដែលគេជឿថា មានអាយុកាលតាំងពីសម័យមួយទៅការវាយឆ្មក់ Viking លើកដំបូងនៅលើកោះលីនហ្វ្រេនណេ “Lindisfarne” ប្រហែល ១,២០០ ឆ្នាំមុនបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

គ្រាប់អុកធ្វើពីកញ្ចក់តូចត្រូវបានតាក់តែងដោយមកុដតូចៗនៃដំណក់ទឹកនៅខាងលើ ព្រមទាំងតុបតែងជាមួយកញ្ចក់ពណ៌ខៀវ និងព័ទ្ធជុំវិញ។ អ្នកបុរាណវិទ្យាជឿថា បំណែកនេះមកពីល្បែងក្តារ “អុក” Viking ‘hnefatafl’ ឬ King’s Table គឺជាល្បែងយុទ្ធសាស្ត្រស្រដៀងនឹងអុក។

ទោះបីជាវត្ថុស្រដៀងគ្នាត្រូវបានគេរកឃើញនៅក្នុងប្រទេសអៀរឡង់ អាល្លឺម៉ង់ និងស៊ុយអែតក៏ដោយ ក៏វាជាវត្ថុទី២ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេសដែរ។ កោះ Lindisfarne ឬកោះ Holy មានទីតាំងនៅឆ្នេរភាគឥសាននៃចក្រភពអង់គ្លេស ដោយមានប្រវត្តិកត់ត្រាតាំងពីសតវត្សរ៍ទី ៦ នៃគ.ស ហើយវាជាទីតាំងនៃការវាយឆ្មក់ Viking ដ៏ធំលើកដំបូងនៅក្នុងចក្រភពអង់គ្លេស។

យោងតាមអ្នកជំនាញខាងបុរាណវិទ្យានាំមុខនៃគម្រោង  លោក David Petts បានឲ្យដឹងថា បំណែកនៃល្បែងនេះត្រូវបានរកឃើញនៅរដូវក្តៅមុននៅក្នុងលេណដ្ឋានមួយ។ លោកក៏បានកត់សម្គាល់ថាទោះបីជាបំណែកនេះជារបស់ព្រះសង្ឃដែលរស់នៅលើកោះក៏ដោយ ក៏វាបង្ហាញពីឥទ្ធិពលវប្បធម៌ Norse មាននៅភាគខាងជើងអាត្លង់ទិករួចទៅហើយ៕ដោយ៖លី ភីលីព

Most Popular

To Top